(តាកែវ)៖ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគបាលខេត្តតាកែវ បានណែនាំដល់កម្លាំងអន្តរាគមន៍ពិសេសរបស់ស្នងការដ្ឋាន ត្រៀមកម្លាំងប្រចាំការ២៤ម៉ោង លើ២៤ម៉ោង ចេញល្បាតចល័តក្នុងមូលដ្ឋាន ភូមិសាស្រ្តស្មុគស្មាញងាយរងគ្រោះ ដើម្បីបង្ការ ទប់ស្កាត់បទល្មើសផ្សេងៗ ត្រៀមអន្តរាគមន៍ពេលមានសភាពការណ៍ចាំបាច់កើតឡើងឱ្យទាន់ពេលវេលា និងអនុវត្តតាមបទបញ្ជាថ្នាក់លើដាក់ជូន ត្រៀមជានិច្ចក្នុងការជួយ សង្គ្រោះប្រជាពលរដ្ឋមានហេតុការណ៍ជាយថាហេតុ។
ការណែនាំបែបនេះ របស់លោកឧត្តមសេនីយ៍ទោ សុខ សំណាង បានធ្វើឡើងនាក្នុងឱកាសដែលលោកបានជួបសំណេះសំណាល សាកសួរសុខទុក្ខជាមួយកម្លាំងអន្តរាគមន៍ពិសេសរបស់ស្នងការដ្ឋាននគរបាលខេត្ត ព្រមទាំងបានឧបត្ថម្ភនូវសម្ភារៈ និងគ្រឿងឧបភោគបរិភោគដល់កងកម្លាំងអន្តរាគមន៍ដូចជា៖ មីចំនួន ៣០កេស ទឹកបរិសុទ្ធចំនួន២០កេស ម៉ាស់២០ប្រអប់ និងអាល់កុល០១កាន ស្មើ៣០លីត្រ នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញ។
នាឱកាសនោះ លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានដាក់ផែនការបន្ថែមទៀត ដល់កងកម្លាំងត្រូវចូលរួមបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ និងអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់នូវវិធានការ «៣កុំ និង៣ការពារ» របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា៕