(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ នឹងប្រកាសសាលក្រម សំណុំរឿងតារា Facebook លោក ផែង វណ្ណ: និងលោកស្រី កែវ ម៉ាលី ម្ចាស់វិមានចរណៃ នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦នេះ ពាក់ព័ន្ធពីបទបរិហារកេរ្តិ៌ ដែលសមាជិកសភាព្រឹទ្ធសភា បានប្តឹងមន្រ្តីនគរបាលក្រសួងមហាផ្ទៃរូបនេះ។ នេះបើយោងតាមមន្រ្តី សាលាដំបូងរាជធានីភ្នំពេញ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃនេះ។
សូមបញ្ជាក់ថា សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃចន្ទ ទី ២១ ខែ មីនា ឆ្នាំ ២០១៦ បានបើកសវនាការជំនុំជម្រះ ទៅលើតារា Facebook ឈ្មោះ ផែង វណ្ណៈ និងឈ្មោះ ហង្ស បូរី ពីបទ «ផ្សាយព័ត៌មានមិនពិត និងបរិហាកេរ្តិ៍ជាសាធារណៈ» ទៅលើលោកស្រីឧកញ៉ា កែវ ម៉ាលី ជាសមាជិកព្រឹទ្ឋសភា និងជាម្ចាស់ខុនដូវិមានចរណៃ និងឧត្តមសេនីយ៍ឯក សៀក សុជាតិ តាម Facebook ប្រព្រឹត្តនៅក្នុងរាជធានីភ្នំពេញ កាលពីអំឡុងខែ កក្កដា និងសីហា ឆ្នាំ២០១៥។
លោកចៅក្រម តុប ឈុនហេង បានថ្លែងឲ្យដឹងនៅក្នុងអង្គសវនាការថា៖ ជនជាប់ចោទទាំង២នាក់នេះ មានឈ្មោះ ផែង វណ្ណៈ ភេទប្រុស អាយុ៤៥ឆ្នាំ និងឈ្មោះ ហង្ស បូរី ភេទស្រី អាយុ ៥៤ឆ្នាំ ។
ជនជាប់ចោទទាំង២នាក់នេះ ត្រូវបានតំណាងអយ្យការ ចោទប្រកាន់ពីបទ «ផ្សាយព័ត៌មានមិនពិត និងបរិហាកេរ្តិ៍ជាសាធារណៈ» តាមបញ្ញាតិមាត្រា ៣០៥ នៃ ក្រមព្រហ្មទណ្ឌ កម្ពុជា។ជនជាប់ចោទត្រូវបានប្តឹងដោយ លោកស្រីឧកញ៉ា កែវ ម៉ាលី ជាសមាជិកព្រឹទ្ឋសភា និងជាម្ចាស់ខុនដូវិមានចរណៃ ដែលមានសំណុំរឿងចុះបញ្ជីនៅតុលាការ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥។
សម្រាប់លោក ផែង វណ្ណៈ នៅតែអះអាងថា លោកមិនបានធ្វើអ្វីខុសនោះទេ ហើយលោកស្រី កែវ ម៉ាលី ក៏បានប្តឹងលោកម្តងរួចមកហើយ ប៉ុន្តែត្រូវបានតុលាការសម្រេចឲ្យកាត់របៀប ស្រាប់តែពេលនេះគាត់ប្តឹងម្តងទៀត។
យ៉ាងណាក៏ដោយ អ្នកប្រើបណ្តាញសង្គមដ៏ល្បីឈ្មោះរូបនេះ មានជំនឿថា តុលាការនឹងសម្រេចប្រកបដោយសុភវិនិច្ឆ័យ ផ្តល់យុតិ្តធម៌ជូនលោកជាក់ជាតិមិនខានឡើយ៕