(អាហ្វ្រិកខាងត្បូង)៖ បំណែកមួយដែលមើលទៅហាក់ដូចជា គម្របម៉ាស៊ីនផលិតដោយក្រុមហ៊ុន Rolls Royce ត្រូវបានរកឃើញ នៅឆ្នេរខ្សាច់មួយ នាប្រទេសអាហ្វ្រិកខាងត្បូង នេះបើតាមសារព័ត៌មានស៊ិនហួរ ចេញផ្សាយនៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦នេះ។
អាជ្ញាធរម៉ាឡេស៊ី បានឲ្យដឹងថា ខ្លួននឹងបញ្ជូនមន្ត្រីមួយក្រុម ដើម្បីត្រួតពិនិត្យបំណែកនោះ ដែលវានឹងត្រូវធ្វើ ការត្រួតពិនិត្យឲ្យច្បាស់លាស់ ដើម្បីកំណត់ថាវាគឺជាផ្នែកមួយ របស់យន្តហោះម៉ាឡេស៊ី ជើងហោះហើរ MH370 ដែលបានបាត់ដំណឹងមិនបន្សល់ទុកដាន កាលពីខែមីនា ឆ្នាំ២០១៤។
បំណែក២ទៀត ដែលអាចជារបស់យន្តហោះ ត្រូវបានរកឃើញ នៅប្រទេសម៉ូហ្សាប៊ីក ដោយយុវជន ប្រទេសអាហ្វ្រិកខាងត្បូងម្នាក់ និងមេធាវីសហរដ្ឋអាម៉េរិកម្នាក់ នៅកន្លែងដាច់ដោយឡែកពីគ្នា ត្រូវបានបញ្ជូនមកដល់ ប្រទេសអូស្ត្រាលីហើយ ដើម្បីធ្វើការវិភាគ។
«ផ្អែកទៅលើរបាយការណ៍ដំបូង វាអាចជាបំណែកពិតប្រាកដ នៃគម្របម៉ាស៊ីនយន្តហោះ» នេះបើតាមរដ្ឋមន្ត្រី ដឹកជញ្ជូនម៉ាឡេស៊ី លោក Liow Tiong Lai បានប្រាប់អ្នកសារព័ត៌មាន។ បំណែកចុងក្រោយ ដែលត្រូវបានរកឃើញ បានបង្ហាញថាវាជាផ្នែកមួយ នៃម៉ាស៊ីនយន្តហោះ ដែលមានស្លាកសញ្ញា Rolls-Royce ត្រូវបានរកឃើញនៅឆ្នេរ Mossel Bay ជាតំបន់តូចមួយ នៃខេត្ត Western Cape ដោយលោក Neels Kruger ជាបុរាណវត្ថុវិទូម្នាក់៕