(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារលិខិតមួយជូន លោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិន ដើម្បីចូលរួមរំលែកទុក្ខចំពោះ ករណីគ្រោះទឹកជំនន់នៅក្នុងខេត្តហឺណាន ភាគកណ្តាលប្រទេសចិន ដែលបណ្តាលឱ្យមនុស្សស្លាប់ និងរងគ្រោះរាប់លាននាក់ ព្រមទាំងខូចខាតទ្រព្យសម្បត្តិយ៉ាងធ្ងន់ធ្ងរ។
តាមរយៈសារលិខិតរំលែកទុក្ខ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ប្រាប់ លោក លី ខឺឈាង ថា៖ «ខ្ញុំមានសេចក្តីក្រៀមក្រំយ៉ាងក្រៃលែង ដោយបានទទួលដំណឹងថា ជំនន់ទឹកភ្លៀងនៅក្នុងខេត្ត ហឺណាន ភាគកណ្តាលប្រទេសចិន បានបណ្តាលឱ្យមនុស្សបាត់បង់ជីវិត បង្កផលប៉ះពាល់ដល់ មនុស្សជាងបីលាននាក់ និងបំផ្លិចបំផ្លាញដល់ទ្រព្យសម្បត្តិយ៉ាងធ្ងន់ធ្ងរ»។
តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្តេចតេជោ នាយករដ្ឋមន្រ្តី សូមសម្តែងនូវសមានទុក្ខយ៉ាងជ្រាលជ្រៅ និងសូម ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជូនចំពោះ លោកនាយករដ្ឋមន្រ្តី លី ខឺឈាង និងតាមរយៈនាយករដ្ឋមន្រ្តីចិន ជូនចំពោះប្រជាជនចិន ជាពិសេសជនរងគ្រោះ និងក្រុមគ្រួសារជនរងគ្រោះ ក្នុងគ្រោះមហន្តរាយនេះ។
សម្តេចតេជោ ហ៊ុន សែន បានជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់បក្ស និងរដ្ឋាភិបាលចិន ប្រទេសចិន នឹង អាចជម្នះការលំបាកនេះបានយ៉ាងឆាប់៕
ខាងក្រោមនេះជាសារលិខិតរំលែកទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើទៅកាន់នាយករដ្ឋមន្រ្តីចិន៖