Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកប្តីចិត្តក្តៅ! ខឹងប្រពន្ធពូកែ​ដើរលេងផ្ទះគេពេក វាយភ្លៅ៣ដំបង ឪពុកក្មេកចូលឃាត់ វាយឪពុក២ដំបង​ទៀត​បែកក្បាល

24-03-2016 09:37

(កណ្តាល)៖ ករណីអំពើហឹង្សាក្នុងគ្រួសារមួយ បានកើតឡើងនៅចំណុចភូមិរលាំងកែនន ឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បង្កឡើងដោយបុរសជាប្តី ខឹងនឹងប្រពន្ធរបស់ខ្លួន​ពូកែដើរ​លេង​ផ្ទះអ្នកជិតខាងពេក ក៏ទាញដំបងវាយភ្លៅ៣ដំបង ហើយនៅពេលឪពុកក្មេកចូលឃាត់ កូនប្រសារក៏វាយឪពុកក្មេក២ដំបងថែមទៀតចំក្បាល បែកឈាមហូរដាប់ពេញខ្លួន។

សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍អំពើហឹង្សាក្នុងគ្រួសារនេះ កើតឡើង នៅម៉ោង៧៖៣០នាទីយប់ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ ជនរងគ្រោះជាប្រពន្ធឈ្មោះ សន វណ្ណដេត អាយុ៤២ឆ្នាំ និងឪពុក្មេក ឈ្មោះ ស៊ិន វណ្ឌន អាយុ៦៥ឆ្នាំ។ ចំណែកជនល្មើសជាប្តី និងជាកូនប្រសារ ឈ្មោះ ដារ៉ា សារ៉ូ អាយុ៣១ឆ្នាំ។

សមត្ថកិច្ចបានរៀបរាប់ដំណើររឿងថា មុនពេលកើតហេតុនៅម៉ោង៥៖៤០នាទី ជនរងគ្រោះជាប្រពន្ធ បានដាំបាយនិងធ្វើម្ហូបរួចហើយ ក៏ហៅជនសង្ស័យជាប្តីហូបបាយ តែប្តីមិនទាន់ហូបទេ ពេលនោះ​ជនរង​គ្រោះជាប្រពន្ធ បានពរកូនដើរទៅលេងផ្ទះអ្នកជិតខាង។ បន្ទាប់មកនៅម៉ោង៦៖៤០នាទី ជនរងគ្រោះជាប្រពន្ធបានមកផ្ទះខ្លួនវិញ រួចដួសបាយឲ្យជនសង្ស័យហូបរួច ខ្លួនក៏ដើរចេញមក​ក្រៅផ្ទះ​ខ្លួន​។ លុះដល់ម៉ោង៧៖៣០នាទី ជនសង្ស័យបានបិទភ្លើងអំពូលទាំងក្នុង និងក្រៅផ្ទះ ហើយបិទទ្វារផ្ទះមិនឲ្យជនរងគ្រោះ ជាប្រពន្ធចូលក្នុងផ្ទះ។

បន្ទាប់មកជនសង្ស័យ ក៏បើកទ្វារផ្ទះរួចយកដំបងឈើជ្រុងប៉ុនកដៃ មនុស្សចាស់ប្រវែង១៤០សង់ទីម៉ែត្រ វាយជនរងគ្រោះជាប្រពន្ធចំនួន៣ដំបង ចំភ្លៅខាងឆ្វេង២ដំបង ភ្លៅខាងស្តាំ១ដំបង បណ្តាល​ឲ្យហើមជាំ ឃើញដូចនោះជនរងគ្រោះជាឪពុកក្មេក របស់ជនសង្ស័យ បានមកជួយឃាត់ ក៏ត្រូវជនសង្ស័យយកដំបង វាយចំ២ដំបង គឺចំភ្លៅខាងឆ្វេងមួយដំបង និងចំក្បាល១ដំបង បណ្តាលឲ្យបែក​ក្បាលហូរឈាម។

ភ្លាមនោះបងប្អូន និងអ្នកភូមិ ក៏មកជួយឃាត់ បន្ទាប់មកនគរបាលប៉ុស្តិ៍រលាំងកែន ក៏ចុះទៅឃាត់ជនសង្ស័យ និងដកហូតវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ដើម្បីកសាង​សំណុំ​រឿងបញ្ជូន ទៅស្នងការដ្ឋាន នគរបាលខេត្ត ចាត់ការបន្តតាមនិតិវិធី៕