(សៀមរាប)៖ សាលាដំបូងខេត្តសៀមរាប បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនមនុស្សពីរនាក់បន្ថែមទៀត ព្រោះតែការបើកកន្លែងផឹកស៊ីបំពានវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។
រដ្ឋបាលខេត្ត បានដាក់ចេញវិធានការរដ្ឋបាលនានា ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។ ក្នុងនោះ មានការបិទជាបណ្តោះអាសន្ននូវការជួបជុំប្រមូលផ្តុំគ្នាពិសារគ្រឿងស្រវឹងគ្រប់ប្រភេទ និងមណ្ឌលកំសាន្តមនុស្សពេញវ័យជាដើម។ បុគ្គលទាំងឡាយណាដែលល្មើសនឹងវិធានការទប់ស្កាត់ នឹងត្រូវផ្តន្ទាទោសតាមច្បាប់ ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងៗទៀត។
កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបញ្ជូនសំណុំរឿង ១ករណីបន្ថែមទៀតទៅកាន់សាលាដំបូងខេត្តសៀមរាប ពីបទចោទបើកកន្លែងផឹកសុី នៅចំណុចហាងហេងហេងបាខែង២ ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប និងបាននាំខ្លួនជនសង្ស័យចំនួន ០២នាក់ មកសាកសួរពីដំណើររឿងនៃការលួចបើកកន្លែងផឹកស៉ីខាងលើ។
ក្រោយពីបានសាកសួររួចមក ជនសង្ស័យទាំង០២នាក់ ត្រូវបានចៅក្រមសើបសួរសាលាដំបូងខេត្តសៀមរាប សម្រេចបង្គាប់ឱ្យឃុំខ្លួននៅពន្ធនាគារខេត្ត នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១តែម្តង។
ជនត្រូវចោទដែលត្រូវបានបង្គាប់ឱ្យឃុំខ្លួនទាំង០២រូប រួមមាន៖
១៖ ឈ្មោះ អាន សត្ថា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប មុខរបរថៅកែហាងហេងហេងបាខែង២។
២៖ ឈ្មោះ សាយ ឡាស្កាហ៍ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអង្គ្រង ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប មុខរបរ មេកាហាងហេងហេងបាខែង២។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែកក្កដា សាលាដំបូងខេត្តសៀមរាប ក៏បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនមនុស្ស៤នាក់ផងដែរ ពាក់ព័ន្ធនឹងការបើកកន្លែងផឹកស៊ីបំពានវិធានការរបស់រដ្ឋបាលខេត្ត និងនាំឱ្យមានការរីករាលដាលជំងឺកូវីដ១៩នៅក្នុងខេត្ត។
រដ្ឋបាលខេត្តសៀមរាប អំពាវនាវដល់ម្ចាស់អាជីវកម្មទាំងអស់ចូលរួមអនុវត្តតាមការណែនាំរបស់រដ្ឋបាលខេត្តដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុង ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១។
រដ្ឋបាលខេត្ត អំពាវនាវដល់ម្ចាស់អាជីវកម្មដ្ឋានទាំងអស់ចូលរួមសហការជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ថ្នាក់ ដើម្បីកាត់ផ្តាច់ជំងឺកូវីដ-១៩ ចេញពីសហគមន៍ ដែលនឹងធ្វើឱ្យស្ថានភាពសេដ្ឋកិច្ច សង្គមរបស់យើងវិលទៅរកប្រក្រតីភាពឡើងវិញ៕