(អាមេរិក)៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក John Kerry នឹងធ្វើដំណើរទៅកាន់ទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ីក នៅថ្ងៃសុក្រសប្ដាហ៍នេះ ដើម្បីចូលរួមរំលែកទុក្ខក្រោយកើតមានករណីអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុម ISIS នេះបើយោងតាមសេចក្ដីប្រកាសរបស់សេតវិមាន និងត្រូវបានចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃទី២៤ ខែមីនា។
អ្នកនាំពាក្យរបស់ក្រសួងការបរទេសអាមេរិក បានបញ្ជាក់ថា លោក John Kerry នឹងតំណាងឲ្យសហរដ្ឋអាមេរិក ចូលរួមរំលែកទុក្ខដល់ប្រទេសបែលហ្ស៊ីក ជាពិសេសគឺក្រុមគ្រួសារជនរងគ្រោះ ដែលបានបាត់បង់ជីវិត និងរងរបួសនៅក្នុងករណីភេវរកម្មដ៏សាហាវមួយនេះ។
បច្ចុប្បន្ននេះ លោក John Kerry កំពុងតែបំពេញទស្សនកិច្ចជាផ្លូវការលើកទី៣នៅក្នុងប្រទេសរុស្ស៊ី ដោយជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ទៅលើដំណោះស្រាយសន្តិភាព នៅក្នុងប្រទេសស៊ីរី និងកិច្ចព្រមព្រៀងទីក្រុង Minsk ស្តីពីប្រទេសអ៊ុយក្រែន។
គួរបញ្ជាក់ផងដែរថា ករណីបំផ្ទុះគ្រាប់បែកនៅអាកាសយានដ្ឋាន និងនៅចំណតរថភ្លើងក្រោមដី កណ្ដាលទីក្រុងព្រុចសែល បានសម្លាប់មនុស្ស ៣៤នាក់ និងរបួសជាង ២៥០នាក់ ដោយអំពើភេរវកម្មនេះ ជាទង្វើរបស់ក្រុម ISIS៕
រូបភាពជនសង្ស័យដែលបំផ្ទុះគ្រាប់បែក