(មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បាននិយាយនៅថ្ងៃអាទិត្យនេះថា កងទ័ពជើងទឹករុស្ស៊ីអាចនឹងរកឃើញសត្រូវណាមួយ ហើយនឹងបើកប្រតិបត្តិការវាយប្រហារដែលមិនអាចទប់ស្កាត់បាន ប្រសិនបើចាំបាច់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅយប់ថ្ងៃអាទិត្យ ទី២៥ ខែកក្កដា ឆ្នាំ២០២១។
ថ្លែងនៅក្នុងពិធីព្យុហយាត្រាកងទ័ពជើងទឹកនៅឯ St Petersburg លោកពូទីនបានលើកឡើងថា «យើងមានសមត្ថភាពក្នុងការរាវរកសត្រូវនៅក្រោមទឹក នៅលើដី និងនៅលើអាកាស ហើយបើចាំបាច់ប្រតិបត្តិការវាយប្រហារមួយ អាចនឹងកើតឡើងដោយចៀសពុំរួច»។
គួរបញ្ជាក់ថា ការលើកឡើងរបស់លោក ពូទីន នេះគឺធ្វើឡើងបន្ទាប់ពីមានហេតុការណ៍មួយនៅឯសមុទ្រខ្មៅកាលពីខែមិថុនាកន្លងទៅ នៅពេលនោះប្រទេសរុស្ស៊ីបាននិយាយថា ខ្លួនបានបាញ់ព្រមាន និងទម្លាក់គ្រាប់បែកទៅលើនាវាចម្បាំងដែលជាកម្មសិទ្ធិរបស់អង់គ្លេសចេញពីដែនទឹករបស់ខ្លួន៕