(ស្ទឹងត្រែង)៖ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានដឹកនាំនាយ នាយរង នៃកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង យកសំណាកលើឧបករណ៍ (Rapid test) RT ជាលទ្ធផល គឺអវិជ្ជមានទាំងអស់ និងធ្វើតេស្ត PCR ទៀត ដើម្បីបញ្ជាក់កាន់តែច្បាស់អំពីលទ្ធផលនេះ។
លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកវេជ្ជបណ្ឌិត អ៊ុង សូវៀត ប្រធានមន្ទីរសុខាភិបាលខេត្ត តែងតែផ្ដល់កិច្ចសហប្រតិបត្តិការល្អ ជាមួយកម្លាំងសុខាភិបាលរបស់កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ក្នុងការយកសំណាករកមេរោគកូវីដ១៩ គ្រាដែលខេត្តមួយនេះ កំពុងប្រឈមជាមួយជំងឺកូវីដ១៩ខ្លាំង។
ការបន្ដយកសំណាករបស់មន្ដ្រីអាវុធហត្ថខេត្តស្ទឹងត្រែងនេះ ធ្វើឡើងបន្ទាប់ពីបានចូលរួមក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលកំពុងតែរីករាលដាល នៅក្នុងភូមិសាស្ដ្រខេត្ត ខណៈមនុស្សជាច្រើននាក់ត្រូវបានរកឃើញវិជ្ជមាន និងតំបន់មួយចំនួនត្រូវបានបិទខ្ទប់ជាបណ្ដោះអាសន្ន ក្រោយយកឃើញពាក់ព័ន្ធ។
បើទោះបីលទ្ធផលអវិជ្ជមានជំងឺកូវីដ១៩ក៏ពិតមែន តែលោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី បានបន្ដណែនាំ និងក្រើនរំលឹកជាប់ជាប្រចាំឲ្យនាយ នាយរង និងមន្ដ្រីអាវុធហត្ថទាំងអស់ ត្រូវបន្ដការពារ រក្សាអនាម័យ ពិសេសអនុវត្តវិធានការ៣ការពារ និង៣កុំ របស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩៕