(សៀមរាប)៖ លោក ឡុង រដ្ឋារក្ស អភិបាលស្រុកអង្គរធំ នៅថ្ងៃទី២៤ ខែកក្កដា បានចុះពិនិត្យមើលកន្លែង ចាក់វាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋនៅក្នុងស្រុកអង្គរធំ ដែលស្ថិតនៅនៅវិទ្យាល័យ តេជោហ៊ុនសែនអង្គរធំ ស្ថិតនៅភូមិបំពេញរាជ្យ ឃុំលាងដៃស្រុកអង្គរធំ ខេត្តសៀមរាប។
លោកអភិបាលស្រុក បានថ្លែងអំណរគុណចំពោះក្រុមការងារចុះជួយស្រុកអង្គរធំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ពិសេសក្រុមគ្រូពេទ្យដែលមកពី កងពលតូចអន្តរាគមន៍លេខ៨ ដែលបានយកចិត្តទុកដាក់ក្នុងការចាក់វាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋនៅក្នុង ស្រុកអង្គរធំ ខេត្តសៀមរាប ។
លោកអភិបាលស្រុកក៏អំពាវនាវ ឱ្យប្រជាពលរដ្ឋទាំងពីរភេទ ដែលមិនទាន់បានចាក់វ៉ាក់សាំង រួសរាន់មកទទួលការចាក់វ៉ាក់សាំង ដើម្បីកាត់បន្ថយនៃការរីករាលដាលជំងឺកូវីដ១៩ និងរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
ស្រុកអង្គរធំចាប់ផ្តើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ចាប់ពីថ្ងៃទី១៦ខែកក្កដាមកដល់ថ្ងៃទី២៤ខែកក្កដានេះ បានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ បាន៦៨% ហើយ។ ចំណែកឯការចាក់វាក់សាំងដូសទី១ និងបញ្ចប់នៅថ្ងៃទី៣១ខែកក្កដា ខាងមុខនេះ ។
សូមជម្រាបថា មកទល់ពេលនេះស្រុកអង្គរធំមានអ្នកឆ្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍២០គុម្ភ: ចំនួន២១នាក់និងស្លាប់១នាក់ និង៥៥នាក់ទៀត កំពុងធ្វើចត្តាឡីស័ក៕