(កំពង់ឆ្នាំង)៖ ជាក្ដីអាណិតអាសូរយ៉ាងពន់ពេក ចំពោះអតីតយុទ្ធជនម្នាក់ ដែលធ្លាប់ចូលរួមតស៊ូ រហូតដល់ធ្លាក់ខ្លួនពិការ ក្នុងពេលតស៊ូនៅសមរភូមិ បែរជាត្រូវធ្លាក់ខ្លួនរស់នៅក្នុងជីវភាពក្រលំបាក រួមរឹតដោយជំងឺប្រចាំកាយ មិនធ្វើការងារអ្វីសម្រាប់នឹងដោះស្រាយជីវភាពបានស្រួល ខណៈសព្វថ្ងៃនេះគាត់ក៏ត្រូវរាប់រងចិញ្ចឹមកូនស្រីតូចៗពីរនាក់ទៀត ដែលគ្នាក៏មិនបានទៅសាលាសិក្សារៀនសូត្រនឹងគេឡើយ។
អតីតយុទ្ធជនពិការរូបនេះ មានឈ្មោះ យ៉ាន់ សុខុម (ហៅ នង សុខុន) អាយុ៥៦ឆ្នាំ សព្វថ្ងៃរស់នៅភូមិកំពង់អួរ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ ក្នុងជីវិតគ្រួសារ លោកមានកូនប្រុសស្រី ៧នាក់ ក្នុងនោះកូនៗចំនួន ៥នាក់ បានបែកគ្រួសារហើយ នៅសល់តែកូនស្រីតូចៗពីរនាក់ក្នុងបន្ទុក ដោយម្នាក់មានអាយុ ៩ឆ្នាំ និងម្នាក់ទៀតអាយុ ៦ឆ្នាំ ខណៈពួកគេមិនបានរៀនសូត្រអ្វីនោះទេ ដោយសារឪពុកឈឺ និងមានជីវភាពក្រីក្រផង។ លោកប្រាប់ថា ប្រពន្ធរបស់លោកបានទទួលអនិច្ចកម្ម ទៅជាង៦ឆ្នាំមកហើយ ពោលគឺតាំងពីកូនស្រីពៅនៅក្រហមរងាលនៅឡើយ។
អតីតយុទ្ធជនទុរគតរូបនេះ បានរៀបរាប់អំពីប្រវត្តិការងាររបស់លោកថា នៅក្នុងឆ្នាំ១៩៨២ លោកបានចូលបម្រើជានគរបាលការពារព្រំដែន ក្រោយមកក៏បានផ្លាស់ទៅក្នុងអង្គភាពកងពលយោធា ប៉ុន្តែជាហេតុកុសល នៅឆ្នាំ១៩៩២ លោកបានរងគ្រោះដោយសារជាន់មីន នៅសមរភូមិភ្នំព្រឹក ខេត្តបាត់ដំបង ហើយត្រូវគ្រូពេទ្យវះដាក់ដែកបង្កប់ក្នុងជើងជំនួសឆ្អឹងស្មង។ តាំងតែពីពេលរបួសនោះមក សុខភាពរបស់លោកមិនប្រក្រតី ដូចមនុស្សធម្មតានោះទេ។ សព្វថ្ងៃ លោកទទួលប្រាក់ខែពីអតីតយុទ្ធជនក្នុងមួយខែ ៥០ ម៉ឺនរៀល គ្រាន់ចិញ្ចឹមជីវិតផ្ទាល់ខ្លួន និងកូនស្រីតូចៗពីរនាក់នេះ ប៉ុន្តែពុំដែលសល់បានទិញថ្នាំសង្កូវ សម្រាប់ព្យាបាលខ្លួននោះឡើយ។
ក្រោមផ្ទះពុកផុយ មានតែដំបូល គ្មានជញ្ជាំងបាំងបិទជិត លោក យ៉ាន់ សុខុម បានបញ្ជាក់ទៀតថា រយៈពេល៦ឆ្នាំចុងក្រោយនេះ ជំងឺរបួសពិកាតេតាណូសជើងលោក រឹតតែធ្វើទុក្ខខ្លាំងឡើងៗ ហើយដៃជើងរបស់លោកក៏បានចេញដុំពកធំៗក្រញេងក្រញង់ឈឺជាបន្តបន្ទាប់ ងើបក្រោកដើរមិនរួច បានតែលូនវាររំកិលតិចៗ ធ្វើអ្វីផ្សេងទៀតមិនកើតឡើយ។
ជាមួយគ្នានេះដែរ ខាងក្រុមការងារនៅអង្គភាពអតីតយុទ្ធជន ក៏ដូចជាក្រុមគ្រូពេទ្យកន្លងមក ក៏ធ្លាប់ណែនាំឱ្យលោកទៅប្រទេសវៀតណាម ដើម្បីព្យាបាលរបួសជើងនេះដែរ តែលោកទៅមិនរួចដោយសារអាណិតកូនស្រីតូចៗ គ្មានអ្នកមើលថែរ ក៏សុខចិត្តដេកឈឺតាមយថាកម្ម។
ដោយក្តីអាណិតអាសូរ ដល់បុរសអតីតយុទ្ធជនខាងលើនេះ កាលពីសប្តាហ៍មុន ក្រុមអ្នកព័ត៌មានប្រចាំខេត្តកំពង់ឆ្នាំង ក៏បាននាំយកអំណោយជាស្បៀងអាហារ និងថវិកាមួយចំនួន ដែលជាការឧបត្ថម្ភរបស់លោកឧកញ៉ាម្នាក់ ប្រគល់ជូនដល់អតីតយុទ្ធជនខាងលើនេះ គ្រាន់ដោះស្រាយជីវភាពបានមួយគ្រាផងដែរ។ ទន្ទឹមនេះ ក្រុមអ្នកព័ត៌មានក៏បានរាយការណ៍ ជូនលោកប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ដោយលោកក៏បានឲ្យគ្រូពេទ្យប្រចាំ នៅស្រុកបរិបូណ៌ ចុះមកពិនិត្យជំងឺរបស់គាត់ និងបានសំណូមពរគាត់ទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យស្រុកបរិបូណ៌ ប៉ុន្តែគាត់ទៅមិនរួចទេ ព្រោះតែគ្មានអ្នកកំដរថែទាំជំងឺ ឯកូនស្រីតូចៗមិនអាចមើលថែបាន។
ប្រជាពលរដ្ឋ និងអាជ្ញាធរនៅក្នុងមូលដ្ឋាន រួមទាំងក្រុមអ្នកព័ត៌មាន ពិតជាមានក្តីអាណិតអាសូរខ្លាំងណាស់ ដល់បុរសអតីតយុទ្ធជនរូបនេះ ដោយគោរពស្នើសុំដល់ថ្នាក់ដឹកនាំ និងសប្បុរសជនដទៃទៀត មេត្តាជួយរិះរកមធ្យោបាយព្យាបាលថែទាំជំងឺរបស់គាត់ ឲ្យមានជីវិតរស់នៅបានប្រសើរផង ដើម្បីបានមើលថែកូនរបស់គាត់ដែលនៅតូចៗជាបន្តទៀត ដោយហេតុថាគាត់ក៏ធ្លាប់ជាយុទ្ធជន ចូលរួមតស៊ូស្វែងរកសន្តិភាព ការពារប្រជាជនក្នុងប្រទេស រហូតដល់ជួបគ្រោះថ្នាក់ក្នុងសមរភូមិ៕