Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក John Kerry បានទៅដល់រុស្ស៊ី ជាលើកទី៣ ក្នុងរយៈពេលមិនដល់១ឆ្នាំនេះ

24-03-2016 08:27

(ម៉ូស្គូ)៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក លោក John Kerry បានទៅដល់ប្រទេសរុស្ស៊ីហើយ ដោយនេះគឺជាដំណើរទស្សនៈកិច្ច ជាលើកទី៣របស់លោក ទៅកាន់ប្រទេសរុស្ស៊ី ក្នុងរយៈពេលមិនដល់១ឆ្នាំ នេះបើតាមសារព័ត៌មានស៊ិនហួ ចុះផ្សាយនៅយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦នេះ។

លោក John Kerry នឹងជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov ហើយបន្ទាប់មកទៀត នឹងត្រូវទទួលជួបដោយ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។ ដំណោះស្រាយសន្តិភាព នៅក្នុងប្រទេសស៊ីរី និងកិច្ចព្រមព្រៀងទីក្រុង Minsk ស្តីពីប្រទេសអ៊ុយក្រែន ត្រូវបានគេរំពឹងថា នឹងលើកយកមកពិភាក្សា ប៉ុន្តែមិនមានកាលវិភាគច្បាស់លាស់ បញ្ជាក់ឲ្យដឹងនោះទេ។

រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិករូបនោះ នឹងជួបជាមួយនឹងរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Frank-Walter Steinmeier ដែលកំពុងស្ថិតនៅក្នុងប្រទេសរុស្ស៊ី ដើម្បីបំពេញទស្សនកិច្ចការងារ៕