(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា រួមជាមួយប្រជាពលរដ្ឋ បានចូលរួមដាំកូនឈើប្រណីតចំនួន ១,៥០០ដើម នៅបរិវេណទីទួលមួយកន្លែងស្ថិតក្នុងភូមិល្វាជោម ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាថ្ងៃទី២៥ ខែកក្តដា ឆ្នាំ២០២១នេះ ក្រោមការអំពាវនាវឱ្យមានការចូលរួមដាំដើមឈើឱ្យបានច្រើន ដើម្បីលើកកម្ពស់សោភ័ណភាព និងចូលរួមទប់ស្កាត់ការបម្រែបម្រួលអាកាសធាតុ។
លោកស្រី ឃួន ឃុនឌី បានលើកឡើងថា ការរៀបចំឱ្យមានពិធីដាំកូនឈើនេះឡើង ក្នុងគោលបំណងបំផុសស្មារតីការដាំដើមឈើឡើងវិញ បណ្តុះគំនិតថែរក្សា ការពារ ស្រលាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិ និងមួយវិញទៀត ដើម្បីកែលម្អលើកកម្ពស់សោភ័ណភាព ក្លាយជាតំបន់បរិស្ថានបៃតង។
លោកស្រីបន្តថា ព្រៃឈើមានតួនាទីសំខាន់ណាស់ក្នុងការជួយថែរក្សាដំណើរការប្រព័ន្ធអេកូឡូស៊ី និងជួយកាត់បន្ថយឥទ្ធិពលអវិជ្ជមាននៃការប្រែប្រួលអាកាសធាតុ ហើយដើមឈើនេះជាសម្បត្តិធម្មជាតិដ៏មានតម្លៃបំផុតជាអាយុជីវិតមនុស្ស សត្វ ដែលបានផ្តល់នូវពហុប្រយោជន៍មិនអាចប៉ាន់ប្រមាណបានដល់មនុស្សជាតិ មានតម្លៃខាងសេដ្ឋកិច្ច និងសង្គមជាតិ ជាពិសេសជួយរក្សានូវលំនឹងបរិស្ថានធម្មជាតិ ធ្វើឲ្យធាតុអាកាសមានភាពកាន់តែល្អប្រសើរ។
លោកស្រីបានសង្កត់ធ្ងន់ថា «ការប្រែប្រួលអាកាសធាតុ មិនត្រឹមតែការប្រែប្រួលបរិស្ថានជុំវិញខ្លួនយើងទេ ប៉ុន្តែវាអាចបណ្តាលឲ្យប៉ះពាល់សុខភាពយើងដែរ តាមរយៈការកើនឡើងកម្ដៅ ខ្យល់មិនបរិសុទ្ធ ទឹកមិនស្អាតជាដើម»។
ជាមួយគ្នានេះដែរ លោកស្រី ឃួន ឃុនឌី អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឲ្យចូលរួមថែរក្សា ស្រលាញ់ធម្មជាតិ ដែលជាកោសិកានៃសង្គម ត្រូវមានភារកិច្ចចូលរួមថែរក្សាបរិស្ថានឲ្យបានល្អ ដើម្បីភាពរស់នៅប្រកបដោយផាសុកភាព និងសុខភាពល្អប្រសើរ ហើយក្នុងថ្ងៃអនាគតដ៏ខ្លីខាងមុខទីកន្លែងនេះ នឹងអាចក្លាយជាកន្លែងមួយល្អសម្រាប់សម្រាកលម្ហែកាយ ស្រូបយកខ្យល់អាកាសបរិសុទ្ធ បំបាត់អស់ភាពនឿយណាយ អារម្មណ៍តានតឹង និងជាកន្លែងសម្រាប់ធ្វើលំហាត់ប្រាណរបស់ប្រជាពលរដ្ឋ៕