(ព្រែកប្រសព្វ-ក្រចេះ)៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារខេត្តក្រចេះ បានថ្លែងទៅកាន់ប្រជាពលរដ្ឋចំនួនប្រមាណ ៣០០នាក់ ដែលមកទទួលការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ នៅមន្ទីរពេទ្យស្រុកព្រែកប្រសព្វ ខេត្តក្រចេះ នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ដោយសង្កត់ធ្ងន់ថា «យើងទាំងអស់គ្នាចងចាំជានិច្ចពីគុណូបការៈជាតម្លៃមនុស្សធម៌របស់គណបក្សប្រជាជនកម្ពុជាក្នុងរយៈពេលជាង ៤០ឆ្នាំមកនេះ គឺរាល់ពេលដែលប្រជាជនជួបគ្រោះភ័យ ទុក្ខលំបាក តែងតែមានវត្តមាន និងកិច្ចអន្តរាគមន៍ជួយសង្គ្រោះជារៀងរាល់លើករបស់គណបក្សប្រជាជនកម្ពុជា»។
ជាក់ស្តែងក្នុងពេលបច្ចុប្បន្ន យុទ្ធនាការជាតិប្រយុទ្ធទប់ស្កាត់កូវីដ-១៩ ក្រោមការដឹកនាំផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសយុទ្ធសាស្ត្រស្រោចវ៉ាក់សាំងដើម្បីបង្កើតភាពសាុំក្នុងសហគមន៍ប្រជាពលរដ្ឋ ដែលដើរទន្ទឹមនឹងការជម្រុញអនុវត្តខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង ៣កុំ» កំពុងក្លាយជាចលនាជាតិសង្គ្រោះប្រជាជន និងសង្គមជាតិយើងពីជម្ងឺដ៏កាចសាហាវនេះ។
បន្ទាប់មក នៅព្រឹកថ្ងៃដដែលនាបរិវេណវត្តនិគ្រោធារាមសោបក្រោម លោករដ្ឋមន្ត្រី ព្រុំ សុខា ប្រធានក្រុមការងារខេត្តក្រចេះ ក៏បានថ្លែងបញ្ជាក់តាមខ្លឹមសារសំខាន់ខាងលើនេះផងដែរជាមួយមន្ត្រីមូលដ្ឋានភូមិ-ឃុំ ប្រមាណ៥០នាក់ របស់ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។
លោករដ្ឋមន្ត្រីបានសំណូមពរមន្ត្រីគណបក្សមូលដ្ឋាន ឱ្យបន្តជម្រុញសកម្មភាពការងារផ្តល់សេវាបំរើប្រជាជន ដើម្បីចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការជាតិប្រយុទ្ធទប់ស្កាត់កូវីដ-១៩ ដោយប្រកាន់ខ្ជាប់នូវឩត្តមគតិ និងសារជាតិរបស់គណបក្សប្រជាជនកម្ពុជាគឺ រួមសុខ រួមទុក្ខជាមួយប្រជាជននៅគ្រប់កាលៈទេសៈ។
ទន្ទឹមនោះ ត្រូវគោរពអនុវត្តតាមប្រសាសន៍ផ្តាំផ្ញើ របស់សម្តេចតេជោប្រធានគណបក្ស ដោយត្រូវខិតខំថែរក្សាលើកតម្កើងមរតកដ៏ថ្លៃថ្លា របស់គណបក្សប្រជាជនកម្ពុជាគឺ «៧ មករា ១៩៧៩» ដែលសង្គ្រោះប្រជាជនពីរបបប្រល័យពូជសាសន៍ និង «យុទ្ធនាការជាតិបច្ចុប្បន្ន» ដែលសង្គ្រោះប្រជាជនពីកូវីដ-១៩៕