(បន្ទាយមានជ័យ)៖ កម្លាំងការវរសេនាតូច៩១១ កម្លាំងប៉ុស្តិ៍បឹងសាគូ សហកាជាមួយកម្លាំងយោធាកងពល៥១ បានចុះឃាត់ខ្លួនមេខ្យល់ ២ នាក់ បម្រុងនាំពលករទៅរកការងារធ្វើនៅប្រទេសថៃដោយខុសច្បាប់។ នេះបើតាមលោកវរសេនីយត្រី រស់ ពិសិដ្ឋ នាយប៉ុស្តិ៍បឹងសាគូ ដែលបានថ្លែងប្រាប់នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១នេះ។
លោកវរសេនីយត្រី រស់ ពិសិដ្ឋ បានបន្តថា ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង ៤៖២៥ នាទីទៀបភ្លឺ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចខាងមុខកាស៊ីណូ DNA ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
វរសេនីយត្រីនាយប៉ុស្តិ៍បឹងសាគូបានឱ្យដឹងទៀតថា មេខ្យល់ទាំងពីរនាក់នោះ ម្នាក់មានឈ្មោះ ឡូញ ឡែម អាយុ២៩ឆ្នាំ រស់នៅភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត និងម្នាក់ទៀតមានឈ្មោះ សាន សំណាង អាយុ៣៥ឆ្នាំ រស់នៅភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត។
លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ក្រោយពីសមត្ថកិច្ចចម្រុះខាងលើឃាត់ធ្វើការសួរនាំរួចមក ក៏បានត្រួតពិនិត្យឃើញមានទូរស័ព្ទដៃ ១ គ្រឿង និងមានសារជាសំឡេងឆ្លើយឆ្លងគ្នា ចាំទទួលមនុស្សនៅខាងក្រោយផ្សារឡុងក្លឿ ប្រទេសថៃ និងម៉ូតូ ១ គ្រឿង។
ដោយយោងតាមបញ្ជារបស់លោកមេបញ្ជាការរងទទួលទិស ឲ្យនាំជនសង្ស័យទាំងពីរនាក់ និងវត្ថុតាង បញ្ជូនទៅទីបញ្ជាការវរសេនាតូច៩១១ ដើម្បីចាត់ការតាមនីតិវិធីបន្ត៕