(ស្វាយរៀង)៖ លោក ជុក មុនី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយក្រុងស្វាយរៀង បានអំពាវនាវដល់ព្រះសង្ឃ និងប្រជាពលរដ្ឋឱ្យរួមគ្នាទប់ស្កាត់នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ឱ្យបានខ្លាំងក្លាបន្ថែមទៀតជាពិសេសត្រូវអនុវត្តនូវវិធាន «៣កុំនិង ៣ការពារ» ឱ្យបានខ្ជាប់ខ្ជួន។
ការថ្លែងអំពាវនាវបែបនេះ របស់លោក ជុក មុន្នី បានធ្វើឡើងនៅក្នុងពិធីប្រគេនទៀនព្រះវស្សា និងទេយ្យទានដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តឧប្បលរតនារាម ហៅវត្តធម្មយុត្តិ និងវត្តសន្តិភាព ស្ថិតក្នុងសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១នេះ។
ការប្រគេនទៀនព្រះវស្សាដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តធម្មយុត្តិនេះ និងវត្តសន្តិភាពនេះក៏មានការចូលរួមពីលោកបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង និងជាប្រធានក្រុមការងារថ្នាក់គណបក្សប្រជាជនកម្ពុជា ថ្នាក់ខេត្ត ចុះជួយសង្កាត់ស្វាយរៀង ព្រមទាំងលោក លោកស្រីដែលជាចៅសង្កាត់ ចៅសង្កាត់រង និងប្រជាពុទ្ធបរិស័ទជាច្រើននរូបផងដែរ។
នាឱកាសនោះដែរ លោក ជុក មុន្នី បានកោតសសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលក្រុងស្វាយរៀង ដែលបានបំពេញការងារស្នូល ក៏ដូចជាការចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ និងបានជំរុញដល់ប្រជាពលរដ្ឋឱ្យទៅចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ផងដែរ។
ជាមួយគ្នានេះ លោកក៏បានសំណូមពរឱ្យរដ្ឋបាលក្រុងត្រូវផ្តោតការយកចិត្តទុក្ខដាក់ ចំពោះប្រជាពលរដ្ឋ ដែលបានធ្វើដំណើរចេញចូលក្នុងមូលដ្ឋានរបស់ខ្លួន និងពង្រឹងនូវភូមិឃុំ មានសុវត្ថិភាព ឱ្យមានប្រសិទ្ធិភាពខ្ពស់ ព្រមទាំងត្រូវយកចិត្តទុកដាក់គិតគូរចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងកំឡុងពេលជំងឺកូវីដ១៩ រីករាលដាលនៅក្នុងសហគមន៍ ជាពិសេសប្រជាពលរដ្ឋដែលកំពុងជាប់ធ្វើចត្តាឡីស័កនៅតាមផ្ទះ។
លោកក៏បានថ្លែងជំរុញឱ្យអាជ្ញាធរក្រុងស្វាយរៀង ត្រូវយកចិត្តទុកដាក់បន្ថែមទៀត ជាមួយកម្មករកម្មការិនី ដែលបម្រើការងារក្នុងរោងចក្រ ដែលមានវិជ្ជមានជំងឺកូវីដ១៩ អ្នកប៉ះពាល់ផ្ទាល់ ឬប្រយោល ត្រូវឱ្យពួកគាត់ធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ នៅដាច់ដោយឡែកពីក្រុមគ្រួសារ និងយកសំណាកទៅពិនិត្យរកមេរោគកូវីដ១៩ ដើម្បីធានាសុវត្ថិភាពដល់ខ្លួនឯង ដល់ក្រុមគ្រួសារ និងសហគមន៍ ជាពិសេសត្រូវអនុវត្តតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នូវវិធានការ «៣ការពារ ៣កុំ» និងបើមិនចាំបាច់កុំចេញក្រៅផ្ទះផងដែរ។
បន្ថែមពីនេះ លោក ជុក មុន្នី និងលោកបណ្ឌិត កែរ រដ្ឋា ព្រមទាំងរដ្ឋបាលក្រុង សង្កាត់ស្វាយរៀង បានចូលរួមប្រគេនដល់ព្រះសង្ឃមានទៀនព្រះវស្សា១ គូរនិងទេយ្យទាន ម៉ាស អាកុល និងបច្ច័យចំនួន៩០ម៉ឺនរៀល ក្នុងវត្តសរុបថវិកាចំណាយក្នុងពិធីនេះអស់ ៤,១៣៤,០០០រៀលផងដែរ។
សូមបញ្ជាក់ថា ពិធីបុណ្យចូលព្រះវស្សា ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំចាប់ពីថ្ងៃ១រោច ខែអាសាធ ដល់ថ្ងៃ១៥ កើត ខែអស្សុជ។ ពិធីត្រូវបានចាប់ផ្តើមនៅល្ងាចថ្ងៃទី១៥កើត ខែអាសាឍ ដោយមានការចូលរួមពីសំណាក់ បងប្អូន ចាស់ទុំ ចំណុះជើងវត្ត នាំគ្នាហែរទៀនវស្សា សំពត់ សាដក និងសម្ភារប្រើប្រាស់ផ្សេងៗ ហែរជុំវិញព្រះវិហារ និងបន្ទាប់មកសម្តែងធម៌ទេសនា និងវេរទៀនវស្សា សម្ភារប្រគេនព្រះសង្ឃ។
ប្រជាពុទ្ធបរិស័ទខ្មែរ ដែលជាអ្នកមានជំនឿមុតមាំទៅលើព្រះពុទ្ធសាសនា នៅមុនឈានមកដល់នៃកាលបរិច្ឆទចូលព្រះវស្សានេះ តែងបាននាំយកទៀនព្រះវស្សា និងទេយ្យទានផ្សេងៗ ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាតាមវត្តនីមួយៗផងដែរ៕