(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញសេចក្ដីសម្រេចស្ដីពីការបង្កើតអនុគណៈកម្មការដឹកនាំការអនុវត្តច្បាប់ ចំណុះឲ្យគណៈកម្មការអន្ដរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩។ នេះបើតាមសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ន។
ក្នុងសេចក្ដីសម្រេចនេះ អនុគណៈកម្មការដឹកនាំការអនុវត្តច្បាប់ មានលោក ថោង លីម អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន អមដោយអនុប្រធានចំនួន៣រូប ព្រមទាំងសមាជិកចំនួន៧រូប។
អនុគណៈកម្មការដឹកនាំការអនុវត្តច្បាប់ មានភារកិច្ចដូចខាងក្រោម៖
* ដឹកនាំ និងសម្របសម្រួលការអនុវត្តវិធានការរដ្ឋបាល វិធានការសុខាភិបាល និងវិធានការច្បាប់ ដើម្បីការបង្ការ ទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩
* ដាក់ចេញវិធានការចាំបាច់នានា ដើម្បីពង្រឹងប្រសិទ្ធភាពនៃការអនុវត្តវិធានការនានា ពាក់ព័ន្ធនឹងការបង្ការ ទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩
* តាមដាន និងត្រួតពិនិត្យការអនុវត្តវិធានការនានា ទាំងវិធានការសុខាភិបាល ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ដែលត្រូវបានដាក់ចេញ ដើម្បីបង្ការ ទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩
* លើកសំណើវិធានការថ្មី ឬកែសម្រួលវិធានការនានា ដើម្បីឆ្លើយតបទៅនឹងការវិវត្តជាក់ស្ដែង នៃសភាពការណ៍នៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ជូនគណៈប្រតិបត្តិនៃ គ.អ.ក
* ត្រួតពិនិត្យ តាមដាន និងវាយតម្លៃអំពីវឌ្ឍនភាពនៃការអនុវត្តវិធានការនានា ពាក់ព័ន្ធនឹងការបង្ការ ទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងធ្វើរបាយការណ៍ជាប្រចាំជូនគណៈប្រតិបត្តិនៃ គ.អ.ក និង
* អនុវត្តការងារផ្សេងទៀត តាមការប្រគល់ភារកិច្ចរបស់គណៈប្រតិបត្តិនៃ គ.អ.ក៕