(ភ្នំពេញ)៖ ដើម្បីរួមចំណែកគាំទ្រ ដល់កិច្ចខិតខំប្រឹងប្រែង ក្នុងការទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅកម្ពុជា នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ វឌ្ឍនៈ គ្រុប បានសហការ ជាមួយក្រុមហ៊ុន PHASE SCIENTIFIC រួមគ្នាឧបត្ថម្ភឧបករណ៍តេស្តរហ័សអង់ទីហ្សែន ជំងឺកូវីដ-១៩ ម៉ាក INDICAID សរុបចំនួន ១០ម៉ឺនឈុត ស្មើនឹងថវិកាចំនួន ១លានដុល្លារសហរដ្ឋអាមេរិក ជូនដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ការឧបត្ថម្ភឧបករណ៍ តេស្តរហ័សម៉ាក INDICAID នេះ នឹងត្រូវធ្វើឡើងជា ២ដំណាក់កាល ដែលដំណាក់កាលទី១ នឹងប្រគល់ជូន ចំនួន ៥ម៉ឺនឈុត នៅក្នុងថ្ងៃនេះផ្ទាល់ ក្រោមអធិបតីភាពលោក សេង ទៀង រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្រ្តី តំណាងរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហើយដំណាក់កាលទី២ នឹងប្រគល់ជូនចំនួន ៥ម៉ឺនឈុតទៀត នៅក្នុងខែសីហា ឆ្នាំ២០២១ខាងមុខ។
វឌ្ឍនៈ គ្រុប ជាគ្រុបដ៏លេចធ្លោមួយ នៅប្រទេសកម្ពុជា និងមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើន កើតចេញពីការវិនិយោគ ដោយធនធាន ក្នុងស្រុកផ្ទាល់ សុទ្ធសាធដូចជា ធនាគារ វឌ្ឍនៈ, ក្រុមហ៊ុន វឌ្ឍនៈ ប្របភើធី, សណ្ឋាគាររ៉ូសវូដ, វឌ្ឍនៈ អេហ្វ&ប៊ី, វឌ្ឍនៈ អ៉ិនវេសមេន, វឌ្ឍនៈ ប្រូវើរី, វឌ្ឍនៈ Golf Resort និងវឌ្ឍនៈ វីល រីឯក្រុមហ៊ុន PHASE SCIENTIFIC ជាក្រុមហ៊ុនផលិត ឧបករណ៍ តេស្តរហ័ស អង់ទីហ្សែន ជំងឺកូវីដ-១៩ ម៉ាក INDICAID មានមូលដ្ឋាននៅទីក្រុង ហុងកុង ប្រទេសចិន។
លោក RICKY CHIU ស្ថាបនិក និងជានាយកប្រតិបត្តិ នៃក្រុមហ៊ុន PHASE Scientific បានសម្តែង នូវក្តីរីករាយ ក្នុងការរួមចំណែកជា មួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រង ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ តាមរយៈការសហការឧបត្ថម្ភ ឧបករណ៍តេស្តរហ័ស INDICAID ជាមួយ វឌ្ឍនៈ គ្រុប នាពេលនេះ និងបានឱ្យដឹងថា INDICAID គឺជាឧបករណ៍តេស្តរហ័ស ពិនិត្យរកអង់ទីហ្សែនជំងឺកូវីដ-១៩ តាមរយៈការយក សំណាកផ្ទាល់ នៅក្នុងច្រមុះ ហើយទទួលបានម៉ាកសញ្ញា CE ដែលបញ្ជាក់អំពីភាពអនុលោម តាមបទដ្ឋានរបស់សហភាពអឺរ៉ុប។
INDICAID មានលក្ខណៈសាមញ្ញងាយស្រួលប្រើ និង អាចផ្តល់លទ្ធផល តេស្តយ៉ាងឆាប់រហ័ស ក្នុងរយៈពេលត្រឹមតែ ២០នាទីប៉ុណ្ណោះ ដោយពុំចាំបាច់ ត្រូវការឧបករណ៍ ឬសម្ភារៈអ្វីជំនួយបន្ថែមទៀតនោះទេ។ INDICAID ត្រូវបានវាយតម្លៃទទួលស្គាល់ អំពីភាពត្រឹមត្រូវ តាមរយៈការពិសោធន៍ សាកល្បងក្នុងទ្រង់ទ្រាយដ៏ធំ ជាងគេបំផុតនៅក្នុងលោក ដោយធ្វើតេស្តលើសំណាកគំរូសរុបចំនួន ៩២០០ ហើយលទ្ធផល ដែលទទួលបាន គឺត្រូវបានយកទៅធ្វើការ ផ្ទៀងផ្ទាត់បន្ថែមជាមួយនឹងលទ្ធផល នៃការធ្វើ PCR រកជំងឺកូវីដ-១៩។
ជាលទ្ធផល បានបង្ហាញថា INDICAID មានប្រសិទ្ធភាពខ្ពស់ ក្នុងការតេស្តរកជំងឺកូវីដ-១៩ ដោយមានកម្រិតភ្ញោចខ្ពស់រហូតដល់ ៩៣,៩៣% និងមានភាពជាក់លាក់ដល់ ទៅ ៩៩,៩៥% ព្រមទាំងប្រើថេរវេលាខ្លីបំផុត ក្នុងការពិនិត្យរកជំងឺកូវីដ-១៩។ បច្ចុប្បន្ន INDICAID ត្រូវបានចែកចាយលក់បន្ត នៅក្នុងប្រទេសចំនួន ៣៣ រួមទាំងប្រទេសកម្ពុជាផងដែរ។
អ្នកឧកញ៉ា HOLIC TANDIJONO វិនិយោគិនដែលនាំចូលនាឡិកាដៃ ម៉ាកល្បីៗលំដាប់ពិភពលោក មកលក់ នៅក្នុងប្រទេសកម្ពុជា ដែលមានទីតាំង នៅក្នុងផ្សារទំនើប អគារ វឌ្ឍនៈ កាពីតាល់ បច្ចុប្បន្នជាស្ថាបនិក ក្រុមហ៊ុន Horographykarat Co. Ltd ដែលជាក្រុមហ៊ុន ទទួលបានសិទ្ធិផ្តាច់មុខ ក្នុងការនាំចូល និង ចែកចាយឧបករណ៍តេស្តរហ័ស អង់ទីហ្សែនជំងឺកូវីដ-១៩ ម៉ាក INDICAID នៅក្នុងប្រទេសកម្ពុជា ក៏បានលើកឡើងផងដែរថា ក្រុមហ៊ុនបានខិតខំ អនុវត្តតាមបែបបទច្បាប់ជាធរមាន ព្រមទាំងបានបង់ពន្ធអាករ លើតម្លៃបន្ថែម (VAT) ជូនដល់រដ្ឋ ដើម្បីអាចនាំចូលនូវ ឧបករណ៍តេស្តរហ័ស ដែលមានប្រសិទ្ធខ្ពស់ និងគុណភាពល្អជូន ដល់ប្រជាពលរដ្ឋខ្មែរប្រើប្រាស់ សំដៅរួមចំណែកកាត់បន្ថយការ ឆ្លងរាលដាលជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជា។
ឧបករណ៍តេស្តរហ័ស អង់ទីហ្សែនជំងឺកូវីដ-១៩ ម៉ាក INDICAID ត្រូវបានរដ្ឋាភិបាលក្រុង ហុងកុង ជំរុញនិងលើកទឹកចិត្ត ឱ្យប្រើជាផលិតផលចាំបាច់ នៅតាមមន្ទីរពេទ្យ និងតាមផ្ទះ ហើយក៏ត្រូវបានដាក់ឱ្យប្រើប្រាស់ យ៉ាងទូលំទូលាយនៅតាមស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន ផ្សារទំនើប សណ្ឋាគារ និងសាលារៀន សម្រាប់ការធ្វើតេស្តរកជំងឺកូវីដ-១៩ ជាប្រចាំផងដែរ ទាំងនៅក្នុងទីក្រុង ហុង កុង និងសហគមន៍អន្តរជាតិ។
បច្ចុប្បន្ន ឧបករណ៍តេស្តរហ័សអង់ទីហ្សែនជំងឺកូវីដ-១៩ ម៉ាក INDICAID មានដាក់លក់នៅក្នុងផ្សារទំនើប អគារ វឌ្ឍនៈ កាពីតាល់ ជាន់ផ្ទាល់ដី (អគារលេខ៦៦ មហាវិថី ព្រះមុនីវង្ស សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ) ហើយអតិថិជនក៏អាចធ្វើការសាកសួរ សម្រាប់ព័ត៌មានបន្ថែមអំពី ឧបករណ៍តេស្តរហ័សម៉ាក INDICAID នៅគ្រប់សាខាធនាគារ វឌ្ឍនៈ ទូទាំងព្រះរាជាណាចក្រកម្ពុជា ឬទំនាក់ទំនងតាមរយៈលេខទូរសព្ទ +៨៥៥-១១-៧៧២២១១ ឬចុច Follow Instagram ឬ Facebook Page ឈ្មោះ HRKCARE ៕