(ប៉ៃលិន)៖ ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋាន ដឹកនាំដោយលោក ប៉ាន សូរស័ក្តិ ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦ បានធ្វើវេទិការសាធារណៈ គាំទ្រការអនុវត្តគោលនយោបាយយុទ្ធសាស្រ្ត ចតុកោណតំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ក្នុងក្រុងប៉ៃលិន ខេត្តប៉ៃលិន។
វេទិការនេះបានធ្វើឡើង នៅភូមិក្បាលព្រលាន ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក អៀង វុធ និង លោក ធូភា អភិបាលរងខេត្តប៉ៃលិន សមាជិកក្រុមប្រឹក្សាខេត្ត លោកប្រធាន អនុប្រធានមន្ទីរ កងកំលាំងប្រដាប់អាវុធ លោកមេភូមិ ចៅសង្កាត់ ព្រមទាំងប្រជាពលរដ្ឋ ជាច្រើននាក់ទៀត។
លោក ប៉ាន សូរស័ក្តិ ប្រធានក្រុមការងារថ្នាក់ជាតិចុះ មូលដ្ឋានបានឲ្យដឹងថា នេះជាលើកទី៨ហើយ ដែលក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ចុះធ្វើវេទីការសាធារណៈក្នុងក្រុងប៉ៃលិន ហើយបានទទួលសំណើរ ក៏ដូចជាបញ្ហាកង្វល់របស់ប្រជាពលរដ្ឋចំនួន១១៩ករណី ក្នុងនោះបានដោះស្រាយ ជូនប្រជាពលរដ្ឋបានចប់រួចរាល់ បានចំនួន១១១ករណី និងសល់៨ករណីទៀត កំពុងដំណើការដោះស្រាយ។
លោកបានបន្តថា បញ្ហាកង្វល់ទាំងអស់របស់ប្រជាពលរដ្ឋ ត្រូវតែមានការដោះស្រាយ គ្រាន់តែថាករណីខ្លះ ត្រូវការពេលវេលាដោយសារពាក់ព័ន្ធនឹងផ្លូវច្បាប់។
អង្គវេទិការបានប្រព្រឹត្ត ទៅអស់រយៈពេលពេញមួយថ្ងៃ ដោយមានប្រជាពលរដ្ឋបានលើកឡើង នូវបញ្ហាកង្វល់មួយចំនួន ជាពិសេសខ្វះទឹកប្រើប្រាស់។
លោក ប៉ាន សូរស័ក្កិ បានបញ្ជាក់ទៅប្រជាពលរដ្ឋ ដែលបានលើកជាកង្វល់មកអង្គវេទិការថា បញ្ហាទាំងអស់ដែលប្រជាពលរដ្ឋបាន លើកឡើងនេះ លោកនឹងយកទៅដោះស្រាយ ឲ្យបានល្អ ជូនប្រជាពលរដ្ឋយើង ។ ចំពោះលទ្ធផលនៃការដោះស្រាយនេះ ប្រជាពលរដ្ឋនឹងបានដឹងតាមរយៈ លោកអភិបាលខេត្ត លោកមេឃុំ លោកមេភូមិដែលរស់នៅនឹង មូលដ្ឋានរបស់ប្រជាពលរដ្ឋផ្ទាស់តែម្តង៕