ខ្មាន់កាំភ្លើង២នាក់ បាញ់រំដោះខ្លួន ក្រោយសមត្ថកិច្ចដេញបង្ក្រាប បន្ទាប់ពីកាប់យុវជន២នាក់ រងរបួស
23-03-2016 21:45
(ភ្នំពេញ)៖ ក្រុមខ្មាន់កាំភ្លើង២នាក់ បានបាញ់មួយគ្រាប់ ដើម្បីរំដោះខ្លួន ក្រោយពីកម្លាំងសមត្ថកិច្ច ដេញតាមពីក្រោយ បន្ទាប់ពីជនទាំងនេះ បានកាប់ទៅលើជនរងគ្រោះម្នាក់បណ្តាលឲ្យចំស្មារងរបួសធ្ងន់ ក្នុងចំណោម២នាក់ ខណ:ដែលជនរងគ្រោះ កំពុងជិះម៉ូតូឌុបគ្នាទៅហូបបង្អែម នៅយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦នេះ ស្ថិតនៅភូមិសែនសុខ៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
ភ្នាក់ងារ Fresh News ប្រចាំខណ្ឌសែនសុខ លោក ជួន សុជាតិ បានរាយការណ៍ថា ខណ:ជនរងគ្រោះ២នាក់ កំពុងជិះម៉ូតូ ទៅហូបបង្អែម ស្រាប់តែលេខមុខជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿង ប្រដាប់ដោយដាវសាំម៉ូរ៉ៃ មកកាប់ត្រូវជនរងគ្រោះម្នាក់ចំស្មា បណ្តាលឲ្យរងរបួសធ្ងន់។
ក្រោយកើតហេតុ និងភ្លាមៗនោះ កម្លាំងប្រជាការពារ បានទាក់ទងទៅសមត្ថកិច្ច រួចហើយកម្លាំងសមត្ថកិច្ច បានដេញតាមពីក្រោយ ធ្វើឲ្យជនសង្ស័យទាំង២នាក់ បាញ់មួយគ្រាប់។
ក្រោយបាញ់ប្រហារ កម្លាំងសមត្ថកិច្ច បានដកថយទៅវិញ ពីព្រោះខ្លាចចំគ្រាប់កាំភ្លើង ប៉ុន្តែបានហៅកម្លាំងបន្ថែម ដើម្បីដេញតាមបង្ក្រាប រហូតរកឃើញម៉ូតូមួយគ្រឿង ដែលជនសង្ស័យទាំង២នាក់ បោះបង់ចោល។
សម្រាប់ជនរងគ្រោះ បានប្រាប់សមត្ថកិច្ចថា ពួកគេមិនដែលស្គាល់ ជនសង្ស័យនោះទេ ដូច្នេះមិនដឹងពីមូកហេតុដែលនាំឲ្យកាប់ប្រហារនេះឡើយ។ យ៉ាងណាក៏ដោយ កម្លាំងសមត្ថកិច្ច កំពុងធ្វើការសួរនាំ ដើម្បីកមូលហេតុពិត៕