(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តពោធិ៍សាត់ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ បានណែនាំឱ្យអ្នកទទួលបានតួនាទីថ្មី ត្រូវធ្វើជាគំរូល្អដល់មន្ត្រីក្រោមឱវាទ ក៏ដូចជាប្រជាពលរដ្ឋក្នុងការដឹកនាំមូលដ្ឋាន ប្រកបដោយភាពថ្លៃថ្នូរ កុំឱ្យប្រជាពលរដ្ឋខកចិត្ត និងបាត់ជំនឿមកលើក្រុមការងារ ជាពិសេសត្រូវខិតខំប្រឹងប្រែងបម្រើរាស្ត្រ និងអនុវត្តច្បាប់ ដោយផ្សារភ្ជាប់សុខទុក្ខ ដល់ខ្នងផ្ទះប្រជាពលរដ្ឋ។

ការណែនាំបែបនេះ របស់លោក ម៉ៅ ធនិន បានធ្វើឡើងនៅក្នុងឱកាសចុះប្រកាសសេចក្តីសម្រេចតែងតាំងមន្ត្រីគណបក្សស្រុក, មន្ត្រីស្នាក់ការគណបក្សឃុំ ក្នុងស្រុកក្រគរ ចំនួន១៩នាក់ និងសេចក្តីសម្រេច ស្តីពីការបង្កើតគណៈបញ្ជាការយុទ្ធនាការបោះឆ្នោតក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឆ្នាំ២០២២ ដោយបានការចូលរួមជាគណៈអធិបតីពីឯកឧត្តម ម៉ក់ រ៉ា អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានគណៈប្រចាំការគណបក្សខេត្ត និងឯកឧត្តម ស្មាន ទៀត អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកក្រគរ។

បន្ទាប់ពីលោក សាយ សុជាតិ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្តពោធិ៍សាត់ បានអានសេចក្តីសម្រេច ស្តីពីការតែងតាំងមន្ត្រីស្នាក់ការគណបក្សឃុំនោះរួចមក លោក លីវ សេងហ៉ីម អនុប្រធានគណៈកម្មាធិការគណបក្សស្រុក និងតំណាងឱ្យលោក លោកស្រី ជាប្រធាន អនុប្រធាន និងជំនួយការគណបក្សឃុំ ក្នុងស្រុកក្រគរទាំងមូល បានប្តេជ្ញាចិត្តចំនួន៦ចំណុចរួមមាន៖

ទី១៖ ជំរុញអនុវត្តឱ្យបានសម្រេច១០០% ផែនការឆ្ពោះទៅកាន់ការបោះឆ្នោត
ទី២៖ ចាប់ពីពេលនេះទៅ និងបង្កើនការយកចិត្តទុកដាក់ បំពេញភារកិច្ចការងារទ្វេរឡើងបន្ថែមទៀត ដើម្បីដណ្តើមយកជ័យជំនះឱ្យបាន ក្នុងពេលបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ខាងមុខ
ទី៣៖ ប្តេជ្ញាថែរក្សាការពារ រាល់សមិទ្ធផលនានា ដែលគណបក្សសម្រេចបាន និងប្រតិកម្មតបវិញ ឱ្យបានទាន់ពេលវេលា គ្រប់សកម្មភាពប្រឆាំង របស់គណបក្សដទៃ
ទី៤៖ ជំរុញប្រជាពលរដ្ឋគ្រប់អាយុ ឱ្យបានចុះឈ្មោះបោះឆ្នោតគ្រប់ៗគ្នា
ទី៥៖ បន្តជម្រុញ និងចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជាជាប្រចាំ
និង៦៖ ស្មោះស្ម័គ្រគោរព និងដើរតាមគោលនយោបាយ របស់គណបក្សប្រជាជន ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខជារៀងរហូត។

បន្ថែមពីនេះលោក ម៉ៅ ធនិន បានថ្លែងថា «តួនាទីដែលផ្ដល់ជូននាពេលនេះ គឺជាអំរែកចំនួនពីរ ដោយម្ខាងរែករាស្រ្ត និងម្ខាងរែកច្បាប់។ នៅពេលទទួលបានតួនាទីហើយ ត្រូវធ្វើជាគំរូល្អដល់មន្ត្រីក្រោមឱវាទ ក៏ដូចជាប្រជាពលរដ្ឋក្នុងការដឹកនាំមូលដ្ឋាន ប្រកបដោយភាពថ្លៃថ្នូរ កុំឱ្យប្រជាពលរដ្ឋខកចិត្ត និងបាត់ជំនឿមកលើក្រុមការងារ»។

ជាមួយគ្នានោះ ត្រូវមានវប្បធម៌ចែករំលែក និងត្រូវចងចាំពាក្យប៉ុន្មានឃ្លាថា «នៅពេលដែលយើងទទួលទានឆ្អែត យើងត្រូវស្រមៃឃើញអ្នកដែលកំពុងតែស្រេកឃ្លាន, នៅពេលយើងក្រយើងត្រូវរកឱ្យមាន នៅពេលដែលយើងមានយើងត្រូវជួយអ្នកក្រវិញ»

លោកក៏បានណែនាំ និងដាក់ផែនការដល់អាជ្ញាធរមូលដ្ឋាន ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ព្រមទាំងដាក់ទិសដៅចំនួន ៤ចំណុចធំៗ ដើម្បីឆ្ពោះទៅទទួលយកជ័យជំនះទៅថ្ងៃខាងមុខ៖

ទី១៖ សូមឱ្យមានអ្នកប្រចាំការ នៅស្នាក់ការគណបក្សស្រុក/ឃុំ ដើម្បីរងចាំបំពេញតម្រូវការ ក៏ដូចជាសំណូមពររបស់ប្រជាពលរដ្ឋ
ទី២៖ បេក្ខភាពឈរឈ្មោះ (ក្រុមប្រឹក្សាឃុំ) សូមពង្រឹង និងពង្រីកសមត្ថភាព ដោយយកតួនាទីទៅផ្សារភ្ជាប់នឹងសុខទុក្ខប្រជាពលរដ្ឋ
ទី៣៖ បន្តចុះជាប់ដល់ខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីស្វែងយល់ ពីជីវភាព បញ្ហាប្រឈម និងសុខទុក្ខពួកគាត់ ធ្វើការដោះស្រាយ
និង៤៖ សូមជ្រើសរើស ភ្នាក់ងារសង្គេតការណ៍ កើតចេញពីកូនក្មួយយុវជនយើង ដែលមានសមត្ថភាព មានភាពត្រឹមត្រូវ ចេះច្បាប់ និងមានស្មារតី ឆន្ទៈច្បាស់លាស់៕