(ភ្នំពេញ)៖ មន្ទីរពេទ្យ និងមណ្ឌលសុខភាពចំនួន២ រួមមានមណ្ឌលសុខភាព ព្រែកឯង និងមណ្ឌលសុខភាព ចាក់អង្រែ បានទទួលការឧបត្ថម្ភទឹកបរិសុទ្ធ កម្ពុជា ចំនួន ៣០០កេស ពីយុទ្ធនាការ «ទឹកចិត្តកម្ពុជា» នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១។
នេះ គឺជាផ្នែកមួយនៃផែនការបរិច្ចាគទឹកបរិសុទ្ធ កម្ពុជាចំនួន ២០០០ កេសជូនដល់មន្ទីរពេទ្យ និងមណ្ឌលសុខភាពចំនួន ២០ ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាលដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការរាលដាលនៃជំងឺកូវីដ-១៩ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២០ ខែ កក្កដា ។
គិតមកដល់ថ្ងៃនេះ មន្ទីរពេទ្យ និងមណ្ឌលសុខភាពចំនួន ១៦ បានទទួលទឹកបរិសុទ្ធ កម្ពុជា រួចរាល់ហើយ។ ក្រុមហ៊ុននឹងបន្តបរិច្ចាគដល់មន្ទីរពេទ្យ និងមណ្ឌលសុខភាពចំនួន ៥ បន្ថែមទៀត រួមមាន មន្ទីរពេទ្យ បង្អែករាជធានីភ្នំពេញ មន្ទីរពេទ្យបង្អែកអង្គស្នួល មណ្ឌលសុខភាព ពញាពន់ មណ្ឌលសុខភាព ជ្រោយចង្វារ និងមជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន។
គួរបញ្ជាក់ថា បន្ថែមពីការបរិច្ចាគនេះ កន្លងមក យុទ្ធនាការ «ទឹកចិត្តកម្ពុជា» បានបរិច្ចាគទឹកបរិសុទ្ធ និងភេសជ្ជៈជាច្រើនម៉ឺនកេសដល់ស្ថាប័នផ្សេងៗ ហើយក៏នឹងបន្តបរិច្ចាគជាហូរហែបន្ថែមទៀតនាពេលខាងមុខ៕