(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខជូន លោក Shri Ram Nath Kovind ប្រធានកាកបាទក្រហមឥណ្ឌា ចំពោះគ្រោះរអិលបាក់ដី នៅក្រុងម៉ុមបៃ ប្រទេសឥណ្ឌា។
ក្នុងសារលិខិតរំលែកទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបញ្ជាក់ថា៖ «ខ្ញុំពិតជាមានក្តីក្រៀមក្រំយ៉ាងខ្លាំងដោយបានទទួលដំណឹងថា មនុស្សរាប់សិបនាក់បានស្លាប់ នៅទីក្រុងម៉ុមបៃ បន្ទាប់ពីមានភ្លៀងមូសុង និងបានបង្កឱ្យមានបាក់ដី កាលពីថ្ងៃទី១៨ ខែកក្កដាឆ្នាំ ២០២១ កន្លងទៅ។ ព្យុះលាយឡំ និងផ្គររន្ទះដែលបានបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំងនៅតាមទីក្រុងនៃប្រទេសឥណ្ឌា នាពេលនេះ គឺពិតជារឿងមិនធ្លាប់កើតមានសោះឡើយនៅក្នុងឆ្នាំនេះ»។
សម្តេចប្រធានកាកបាទក្រហមកម្ពុជា បានបន្ថែមថា «ក្នុងព្រះបរមនាម សម្តេចព្រះមហាក្សត្រី នរោត្តមមុនិនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ក្នុងនាមបុគ្គលិក អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ យើងខ្ញុំសូមចូលរួមរំលែកទុក្ខ និងផ្ញើជូនសមានចិត្តអាណិតអាសូរយ៉ាងក្រៃលែង ជូនចំពោះ ឯកឧត្តម កាកបាទក្រហមឥណ្ឌា និងប្រជាជនឥណ្ឌា ជាពិសេសចំពោះអ្នកដែលបាត់បង់មនុស្សជាទីស្រលាញ់របស់ខ្លួន ។ ខ្ញុំសូមបួងសួងឲ្យស្ថានភាពដ៏អាក្រក់ខាងលើនេះឆាប់វិលមកប្រក្រតីភាពឡើងវិញ និងសូមឲ្យការស្តារឡើងវិញនូវតំបន់ដែលរងការខូចខាតខ្ទេចខ្ទាំដោយទឹកជំនន់ខាងលើនេះឆាប់បានល្អប្រសើរឡើងវិញ»។
ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសារលិខិតរំលែកទុក្ខរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើជូន លោក Shri Ram Nath Kovind៖