(ភ្នំពេញ)៖ មហាវិថី សម្តេច ហ៊ុន សែន ដែលមានទទឹង ៦០ម៉ែត្រ ជិត១០គីឡូម៉ែត្រនេះ កាលពីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ អាជ្ញាធររាជធានី ភ្នំពេញ ដឹកនាំដោយ លោក ប៉ា សុជាតិវង្ស អភិបាល រាជធានីភ្នំពេញ និងតំណាង ក្រុមហ៊ុន ING បានអញ្ជើញ ជាអធិបតីក្នុងពិធីតភ្ជាប់កំណាត់មហាវិថីនេះ នៅត្រង់ចំណុចព្រំប្រទល់ផ្លូវជាតិលេខ២ ដែលនៅសល់ប្រវែងប្រហែល៥០០ម៉ែត្រ មិនទាន់បានចាក់ភ្ជាប់នៅឡើយ ។
មហាវិថីសម្តេចតេជោ ដែលតភ្ជាប់ភ្ចាប់ពីផ្លូវលេខ២៧១ ត្រង់ចំណុចច្រមុះជ្រូកក្បាលថ្នល់ ខណ្ឌចំការមន រាជធានីភ្នំពេញ ទៅភ្ជាប់ជាមួយផ្លូវជាតិលេខ២ ត្រង់ចំណុចព្រែកកំពឹស ក្រុងតាខ្មៅ ខេត្តកណ្តាលនេះ សាលារាជធានី មិនទាន់អនុញ្ញាតអោយអ្នកដំណើរធ្វើចរាចរទៅមកទេ ដោយសារផ្លូវកំពុងធ្វើការតភ្ជាប់ ហើយណាមួយការដ្ឋានកំពុងមមាញឹកស្ថាបនា បើយើងអនុញ្ញាតអោយធ្វើចរាចរ អាចមានគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរចេញចូល ។ ផ្លូវនេះ អាចបើកអោយចរាចរបាន នៅពេលដែលផ្លូវធ្វើការតភ្ជាប់ និងចាក់អ៊ុតកៅស៊ូរួចរាល់ ១០០ភាគរយ ។
លោក ប៉ា សុជាតិវង្ស មានប្រសាសន៍ថា វិថីនេះ គឺជាវិថីធំជាងគេនៅភ្នំពេញ ដែលនឹងធ្វើឲ្យ តំបន់ជុំវិញនោះ មានសក្តានុពលសេដ្ឋកិច្ចកាន់តែប្រសើរឡើងថែមទៀត។ ប៉ុន្តែក្នុងអំឡុងពេលស្ថាប នាមិនទាន់រួចរាល់ជាស្ថាពរ គឺមិនទាន់ដាក់ឲ្យធ្វើចរាចរនោះទេ ដោយខ្លាចរំខានដល់ការងារការដ្ឋាន និងគ្រោះថ្នាក់ដល់អ្នកដំណើរពេលគ្រឿងចក្រកំពុងដំណើរការ ។ លោកបន្តថា នៅពេលមហាវិថីនេះ ត្រូវបានអ៊ុតកៅស៊ូរួចរាល់ទាំងស្រុង នឹងដាក់ឲ្យប្រជាពលរដ្ឋធ្វើចរាចរណ៏ ហើយនឹងមានការកសាងផ្លូវចំនួន៦០ខ្សែទៀត នៅក្នុងតំបន់អភិវឌ្ឍន៍ដែលមានទំហំដីសរុប២.៥៧២ហិកតា នៃភាគខាងត្បូងរាជធានីភ្នំពេញមួយនេះ៕