(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការរៀបចំក្តារមឈូស សម្រាប់អ្នកដែលស្លាប់ដោយសារជំងឺកូវីដ១៩ ដែលក្រុមប្រឆាំងនិយាយថា ជាការប្រមាថអាយុជីវិតមនុស្សនោះ មិនមែនជាការពិតទេ ប៉ុន្តែការរៀបចំនេះ ជាការគោរពដល់សាកសពដែលស្លាប់។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅយប់ថ្ងៃសុក្រ ទី២៣ ខែកក្កដា ឆ្នាំ២០២១ ក្នុងឱកាសអញ្ជើញទទួលដោយផ្ទាល់នូវការមកដល់នៃ វ៉ាក់សាំងជំងឺកូវីដ១៩ ប្រភេទ AstraZeneca ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ក្រុមប្រឆាំងគួរតែអរគុណាម្យេច ដែលមានបងប្អូនគេ ដែលស្លាប់ដោយសារកូវីដ១៩ មានក្តារមឈូស្អាតល្អ ពោលគឺមិនរុំនឹងកន្ទេល។
សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះ៖ «ទោះបីយើង ខិតខំការពារ ក៏ប៉ុន្តែយើងមិនអាចឃាត់មនុស្ស មិនឲ្យស្លាប់បានទេ រាប់ទាំងខ្លួនខ្ញុំផងដែរ។ ដូច្នេះ ការរៀបចំក្តារមឈូស ដែលគេចាត់ទុកថា ជាការប្រមាថ តែខ្ញុំចាត់ទុកថា ជាការគោរពរបស់ខ្ញុំ ចំពោះសាកសពទាំងឡាយ ដែលបានស្លាប់ដោយសារកូវីដ១៩»។
សម្តេចបន្តថា «ខ្ញុំមិនចង់ឃើញប្រជាជនកម្ពុជាណាម្នាក់ នៅពេលដែលទទួលមរណភាពដោយកូវីដ១៩ បែរជាត្រូវរុំនឹងកន្ទេល ហើយយកទៅកប់ ឬដុត ដោយគ្មានក្តារមឈូសនោះទេ។ នៅដែលខ្ញុំចង់បញ្ជាក់ ថាខ្ញុំមិនបានប្រមាថជីវិតប្រជាជនទេ»។
ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យក្រសួងពាក់ព័ន្ធ បន្តអនុវត្តវិធានការសុខាភិបាល និងរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ បន្តទៀត។ សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋឱ្យបន្តអនុវត្តវិធានការសុខាភិបាល ដើម្បីរួមគ្នាទប់ស្កាត់ជំងឺកូវីដ១៩ និងស្រោចស្រង់សង្គមកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណជាថ្មីដល់រដ្ឋាភិបាលជប៉ុន ដែលបានផ្តល់ជំនួយវ៉ាក់សាំងដល់កម្ពុជាលើកនេះ។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៧១,២៤៤នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៦៣,៤៧៤នាក់ និងស្លាប់សរុបចំនួន ១២២២នាក់៕