(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរំឮកដល់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ឱ្យបន្តបង្កើន និងពង្រឹងកិច្ចខិតខំប្រឹងប្រែងអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ប្រកបដោយការទទួលខុសត្រូខ្ពស់ ដើម្បីការពារសុវត្ថិភាព និងសុខមាលភាពរបស់ប្រជាជននៅគ្រប់ទីកន្លែង។
ការរំឮកបន្ថែមបែបនេះ របស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅយប់ថ្ងៃសុក្រ ទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ នៅក្នុងឱកាសដែលសម្តេចបានអញ្ជើញថ្លែងសន្ទរកថា ក្នុងពិធីទទួលដោយផ្ទាល់នូវការមកដល់នៃវ៉ាក់សាំងជំងឺកូវីដ១៩ ប្រភេទ AstraZeneca ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន បានរំឮកយ៉ាងដូច្នេះថា៖ «ខ្ញុំសូមរំឮកដល់ក្រសួងស្ថាប័ន ដែលមានការពាក់ព័ន្ធទាំងអស់ ឱ្យបន្តបង្កើន និងពង្រឹងកិច្ចខិតខំប្រឹងប្រែងអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ប្រកបដោយការទទួលខុសត្រូខ្ពស់ ដើម្បីការពារសុវត្ថិភាព និងសុខមាលភាពរបស់ប្រជាជនយើង នៅគ្រប់ទិសដៅ។ ជាមួយគ្នានេះ ខ្ញុំសូមអំពាវនាវដល់ប្រជាជនកម្ពុជាគ្រប់រូប សូមគោរព និងប្រកាន់ភ្ជាប់នូវវិធានការសុខាភិបាល ដើម្បីការពារសុខភាព និងសុវត្ថិភាពផ្ទាល់ខ្លួន ក៏ដូចជាសុខមាលភាពរបស់គ្រួសារ សហគមន៍ និងសង្គមជាតិយើងទាំងមូល»។
ភ្ជាប់ជាមួយនឹងសាររំឮកដល់ក្រសួង ស្ថាប័នពាក់ព័ន្ធដែលចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅយប់នេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណជាថ្មី ដល់រដ្ឋាភិបាលជប៉ុន ដែលបានផ្តល់ជំនួយវ៉ាក់សាំងដល់កម្ពុជាលើកនេះ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងបន្តរាតត្បាតនៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះផងដែរ។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ប្រទេសកម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៧១,២៤៤នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៦៣,៤៧៤នាក់ និងស្លាប់សរុបចំនួន ១,២២២នាក់៕