(ភ្នំពេញ)៖ ក្នុងជំនួបទ្វេភាគីជាមួយ លោក Li Keqiang នាយករដ្ឋមន្រ្តីចិន នៅរសៀល ថ្ងៃទី២៣ ខែមីនានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើឱ្យរដ្ឋាភិបាលចិន ជួយសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ (Express Way) និងព្រលានយន្តហោះថ្មីមួយនៅខេត្តសៀមរាប។ នេះបើតាមការផ្សព្វផ្សាយនៅលើទំព័រ Facebook ។
នៅក្នុងជំនួបនោះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានស្នើចង់ឱ្យចិនពិនិត្យ និងសម្រេចលើ គម្រោងសាងសង់ពហុកីឡាដ្ឋានមរតកតេជោ និង គម្រោងសាងសង់មន្ទីរពេទ្យចំនួន៣ ដែលមិត្តចិនបានសម្រេចរួចហើយ ផងដែរ។
នៅលើទំព័រ Facebook សម្តេចតេជោក៏បានបញ្ជាក់ដែរថា ប្រទេសចិនបានគាំទ្រដល់សំណើរទាំងអស់ដែល បានលើកឡើងដោយ សម្តេចតេជោ ហើយនឹងពិនិត្យ លើឯកសារឱ្យបានរហ័ស ដើម្បីគម្រោងទាំង អស់នេះចាប់ដំណើរការសាងសង់ក្នុងពេលឆាប់ៗខាងមុខ។
សម្តេចតេជោ ហ៊ុន សែន បានពេញចិត្តចំពោះការជួយជ្រោមជ្រែងពីមិត្តចិន ហើយសង្ឃឹមយ៉ាងមុតមាំថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនឹងកើនឡើងដល់ ៥០០០លានដុល្លារ នៅពេលដ៏ខ្លី។ ទន្ទឹមនឹងនោះ សម្តេចតេជោ បានស្នើឱ្យមិត្តចិនជួយផ្តល់លទ្ធភាពឱ្យបានទូលាយក្នុងការនាំផលិតផលកសិកម្ម ជាពិសេសអង្ករពីកម្ពុជាមកប្រទេសចិន។
លោក Li Keqiang នាយករដ្ឋមន្រ្តីចិន បានសន្យានឹងជួយគៀងគរណែនាំជំរុញអ្នកវិនិយោគទុនចិនឱ្យទៅបណ្តាក់ទុននៅកម្ពុជា រួមទាំងការដំឡើងរោងចក្រប្រកបដោយបច្ចេកទេសខ្ពស់ ដើម្បីកម្ពុជាមានលទ្ធភាពផលិតតាមស្តង់ដារនិងគុណភាពអន្តរជាតិសម្រាប់នាំចេញទៅកាន់ប្រទេសចិន និងបណ្តាប្រទេសនានាក្នុងពិភពលោកបាន៕