(ភ្នំពេញ)៖ ការប្រកួតកីឡាអូឡាំពិក ទីក្រុងតូក្យូ ឆ្នាំ២០២០(Tokyo Olympic Games 2020) បានប្រារព្ធពិធីបើកការប្រកួតជាផ្លូវការហើយនៅយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ នេះ ដោយមានប្រតិភូ និងអត្តពលិកប្រមាណ ២០៥ប្រទេសចូលរួម ក្នុងនោះក៏មានវត្តមានអត្តពលិកកម្ពុជាផងដែរ ដោយបានដង្ហែរទង់ជាតិកម្ពុជា ដើម្បីអបអរសាទរពិធីបើកព្រឹត្ដិការណ៍ពិភពលោក ៤ឆ្នាំម្ដងនេះ។
ប្រតិភូ និងអត្តពលិកកម្ពុជា ដែលចូលរួមព្រឹត្តិការណ៍អូឡាំពិករដូវក្ដៅ នាទីក្រុងតូក្យូនេះមានចំនួន ៨នាក់ ក្រោមការដឹកនាំរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងជានាយបេសកកម្ម ។ ចំពោះកីឡាករ-កីឡាការិនីមាន ៣រូបប៉ុណ្ណោះ រួមមានកីឡាហែលទឹក ២រូប គឺកីឡាករ ហែម ប៊ុច និងកីឡាការិនី ឃឿន ប៊ុនពេជ្រមរកត និងកីឡាអត្តពលកម្មម្នាក់ គឺកីឡាករ ប៉ែន សុគង់។
លោក ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់ថា ពិធីបើកនេះ មានការចូលរួមទស្សនាពីភ្ញៀវអន្ដរជាតិភាគច្រើន តែមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋជប៉ុនចូលទស្សនានោះទេ ប៉ុន្ដែមានការផ្សាយបន្ដផ្ទាល់លើកញ្ចក់ទូរទស្សន៍ជាច្រើនលើឆាកអន្ដរជាតិ។ ចំពោះភ្ញៀវអន្ដរជាតិ ដែលចូលរួមពិធីបើកនេះ មានតែប្រធាន និងអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិក នៃប្រទេសទាំង ២០៦ប្រទេស រួមទាំងតំណាងសហព័ន្ធកីឡាអន្ដរជាតិទាំង ៣៣សហព័ន្ធ និងមន្ដ្រីបច្ចេកទេស អាជ្ញាកណ្ដាល-ចៅក្រមរៀបចំការប្រកួត ដែលសរុបប្រមាណ ២០០ ទៅ ៣០០នាក់ប៉ុណ្ណោះ ។
រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC ដដែលបន្ដថា អ្វីដែលគួរឲ្យកត់សម្គាល់ពិធីបើកផ្លូវការ ក្រោពីវត្តមានថ្នាក់ដឹកនាំម្ចាស់ផ្ទះ ក៏មានវត្តមានភ្ញៀវពិសេសចូលរួម គឺប្រធានាធិបតីបារាំង លោក Manuel Macron និងស្ដ្រីទី១ ភរិយាប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden គឺលោកជំទាវ Jill Biden ដែលជាតំណាងប្រទេសត្រូវធ្វើម្ចាស់ផ្ទះបន្ដវេណពីទីក្រុងតូក្យូ ពោលគឺប្រទេសបារាំង ដែលត្រូវធ្វើម្ចាស់ផ្ទះកីឡាអូឡាំពិក នាឆ្នាំ២០២៤ និងរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិក ត្រូវធ្វើម្ចាស់ផ្ទះបន្ដវេណ នាឆ្នាំ២០២៨។
គួរបញ្ជាក់ថា ក្រោយចូលរួមពិធីបើកការប្រកួតនេះ ប្រតិភូ ជាពិសេសកីឡាករ-កីឡាការិនីកម្ពុជាទាំង ៣រូប ត្រូវរង់ចាំការប្រកួតរបស់ខ្លួន រហូតដល់ថ្ងៃទី០១ ខែសីហា ដោយកីឡាករ ហែម ប៊ុច និងកីឡាការិនី ឃឿន ប៊ុនពេជ្រមរកត ត្រូវប្រកួតវិញ្ញាសាហែលចម្ងាយ ៥០ម៉ែត្រសេរី និងកីឡាករ ប៉ែន សុគង់ ត្រូវប្រកួតលើវិញ្ញាសារត់ល្បឿនចម្ងាយ ១០០ម៉ែត្រ ។ តាមគម្រោងក្រោយចប់ការប្រកួតភ្លាម ប្រតិភូ និងអត្តពលិកកម្ពុជា នឹងត្រឡប់មកមាតុភូមិវិញ ដោយមិនរង់ចាំចូលរួមពិធីបិទ នាថ្ងៃទី០៨ ខែសីហានោះទេ៕