(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី បានចេញសេចក្តីប្រកាសព័ត៌មានពីករណីរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន ១នាក់បន្ថែមទៀត និងជាសះស្បើយចំនួន ២៩នាក់ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ។
រដ្ឋបាលខេត្តរតនគិរី បានឱ្យដឹងថា អ្នកជាសះស្បើយទាំង២៩នាក់ ត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលព្យាបាល និងត្រូវបន្តធ្វើចត្តាឡីស័ក ដោយខ្លួនឯងរយៈពេល ១៤ថ្ងៃបន្ថែមទៀត។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ នៅក្នុងខេត្តរតនគិរី បានរកឃើញអ្នកជំងឺកូវីដ១៩ សរុបចំនួន ៦៤៩នាក់, ព្យាបាលជាសះស្បើយចំនួន ៥០៤នាក់ និងស្លាប់ ៤នាក់។
រដ្ឋបាលខេត្តរតនគិរី សូមបន្តអំពាវនាវដល់សាធារណជនទាំងអស់ ដែលធ្លាប់បានពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមានដែលបានរកឃើញកន្លងមក សូមស្ម័គ្រចិត្តធ្វើតេស្តសំណាក ឬដាក់ខ្លួននៅដោយឡែកពីអ្នកដទៃ និងតាមដានសុខភាពជាប្រចាំ ក្នុងករណីមានការសង្ស័យសូមរាយការណ៍ទៅកាន់អាជ្ញាធរមានសមត្ថកិច្ច នៅក្នុងមូលដ្ឋាន ឬទំនាក់ទំនងលេខ៖ 097 595 77 88/ 092 121 383/ 097 775 12 12៕