(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ លោកស្រី ហ៊ុន ចាន់ធី ម៉ៅធនិន ប្រធានកិត្តិយសសាខាសមាគមនារីខេត្ត និងលោកស្រី ឯម ប៉ុណ្ណា តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងជាសមាជិកាប្រតិបត្តិសមាគមនារីកម្ពុជា បាននាំយកទៀនចំណាំព្រះវស្សា បច្ច័យ និងទេយ្យទានជាច្រើនមុខ ប្រគេនថ្វាយព្រះសង្ឃគង់ចាំព្រះវស្សានៅតាមវត្តចំនួន ៩ ដែលសុទ្ធសឹងជាវត្តអត្តខាត់ និងចុងកាត់មាត់ញក នៅទូទាំងភូមិសាស្ត្រខេត្តពោធិ៍សាត់។
ទំនៀមពិធីនេះត្រូវបានរៀបចំរួមនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ នៅបូជនីយដ្ឋានលោកឧកញ៉ាឃ្លាំងមឿង ស្ថិតក្នុងភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។
បើតាមលោកស្រីតំណាងរាស្ត្រ ឯម ប៉ុណ្ណា ឆ្នាំនេះក៏ដូចបណ្តាឆ្នាំកន្លងមក ឱ្យតែឈានចូលរដូវបុណ្យទៀនម្តងៗ ថ្នាក់ដឹកនាំ និងសមាជិកាគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត តែងតែបានរួបរួមសាមគ្គីគ្នាបរិច្ចាកទាំងថវិកា និងសម្ភារៈ ប្រគេនថ្វាយព្រះសង្ឃតាមបណ្តាវត្តដែលអត្តខាត់ និងចុងកាត់មាត់ញក ដើម្បីឧទ្ទិសកុសលផលបុណ្យទាំងនោះបានជូនដល់មាតាបិតា ជីដូនជីតា និងញាតិការទាំងប្រាំពីរសន្តាន។
លោកស្រីបានលើកឡើងថា ខេត្តពោធិ៍សាត់ក៏ដូចជាបណ្តាខេត្ត/ក្រុងដទៃផ្សេងទៀតដែរ គឺមានករណីផ្ទុះឡើងជំងឺកូវីដ-១៩ដូចគ្នា។ ក្រោមការដឹកនាំរបស់លោកអភិបាលខេត្ត ម៉ៅ ធនិន លោកបានប្រើប្រាស់កម្លាំងសរុប និងមធ្យោបាយសរុប ដើម្បីកាត់ផ្តាច់ការចម្លងឱ្យបានឆាប់រហ័ស។
លោកស្រីតំណាងរាស្ត្របានអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋទូទាំងខេត្ត ត្រូវបន្តការប្រុងប្រយ័ត្នខ្ពស់ និងការពារខ្លួនពីជំងឺដ៏កាចសាហាវនេះ ដោយអនុវត្តនូវវិធានការ «៣កុំ ៣ការពារ» របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាវិធានការនានារបស់ក្រសួងសុខាភិបាល និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ គោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ព្រមទាំងខិតខំរកស៊ីទទួលទានតាមរយៈការចិញ្ចឹមសត្វ ដាំដំណាំ និងមុខរបរផ្សេងៗទៀត ក្នុងគោលបំណងបង្កើនជីវភាពគ្រួសារ ឱ្យកាន់តែប្រសើរឡើង។
គណៈកម្មការ និងអាចារ្យតំណាងវត្តនីមួយៗ បានសម្តែងនូវទឹកចិត្តសោមនស្សក្រៃលែងចំពោះលោក ម៉ៅ ធនិន លោកស្រី ហ៊ុន ចាន់ធី ម៉ៅធនិន និងលោកស្រី ឯម ប៉ុណ្ណា ព្រមទាំងសហការីទាំងអស់ ដែលមានសទ្ធាជ្រះថ្លាក្នុងវិស័យព្រះពុទ្ធសាសនា បានចំណាយធនធានផ្ទាល់ខ្លួន ដោយនាំយកមកនូវទៀនចំណាំព្រះវស្សា រួមជាមួយនឹងគ្រឿងឧបភោគបរិភោគជាច្រើនមុខ ប្រគេនដល់ព្រះសង្ឃ សម្រាប់ទ្រទ្រង់នារដូវគង់ចាំព្រះវស្សាអស់កាល៣ខែ ទោះស្ថិតក្នុងអំឡុងយុទ្ធនាការទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងខេត្តក៏ដោយ។
សូមបញ្ជាក់ថា វត្តអត្តខាត់ និងចុងកាត់មាត់ញកទាំង ៩ នោះ រួមមាន វត្តស្ពង វត្តតាដេស វត្តវាលនិន្ទ្រា វត្តតាពង់ពង្ស វត្តរាំងក្វាវ វត្តអំពួច វត្តបឹងត្នោត វត្តបឹងស្តុក និងវត្តភ្នំលោក ដោយក្នុងមួយវត្តទទួលបានបច្ច័យ ៥៥ ម៉ឺនរៀល ទៀនចំណាំព្រះវស្សាមួយគូ អង្ករ ៥០ គីឡូក្រាម។ ក្រៅពីនោះ នៅមានគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ជាច្រើនទៀត៕