Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គន្លងថ្មីនៃជីវិតសម័យកូវីដ១៩! អ្នកចូលរួមកម្មវិធីទទួលវ៉ាក់សាំង តម្រូវតេស្តរកមេរោគកូវីដ១៩

23-07-2021 18:15

(ភ្នំពេញ)៖ ទាំងមន្ត្រី និងអ្នកព័ត៌មានដែលចូលរួមក្នុងកម្មវិធីទទួលវ៉ាក់សាំងជំនួយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុននៅយប់នេះ តម្រូវឱ្យធ្វើតេស្តរកមេរោគជំងឺកូវីដ១៩ តាមរយៈឧបករណ៍តេស្តរហ័ស។

នេះគឺជាគន្លងថ្មីនៃការរស់នៅក្នុងបរិបទកូវីដ១៩។ ពីមុនអ្នកចូលរួមកម្មវិធីផ្សេងៗ ជាពិសេសកម្មវិធីក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា តម្រូវត្រួតពិនិត្យតែឧបករណ៍ដែលយកចូលកម្មវិធី ដើម្បីធានាសន្តិសុខ សុវត្ថិភាពក្នុងកម្មវិធី។ តែពេលនេះតម្រូវឱ្យត្រួតពិនិត្យរកមេរោគកូវីដ១៩បន្ថែមទៀត។

«នេះហើយជាគន្លងថ្មីនៃជីវិត។ យើងមិនអាចប្រកែកហើយក៏មិនអាចចៀសដែរ។ នេះជារឿងពិតនៃសង្គមយើង ក៏ដូចពិភពលោក យើងត្រូវទទួលស្គាល់ ហើយទទួកនូវការពិតមួយនេះ»។ នេះជាការបញ្ជាក់របស់លោក វ៉ាន់ សារាយ អគ្គនាយករង Fresh News និងក្រុមអ្នកសារព័ត៌មានពីស្ថាប័នផ្សេងៗ ដែលបានចូលរួមកម្មវិធី និងបានចូលរួមតេស្តរកមេរោគកូវីដ១៩។

ក្នុងបរិបទកូវីដ១៩នេះ មានការរួមគ្នាអនុវត្តវិធានសុខាភិបាល «៣ការពារ ៣កុំ» ហើយទៅចាក់វ៉ាក់សាំងប៉ុណ្ណោះ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួនគ្រួសារ និងសង្គម។ មានតែការរួមគ្នាជម្នះនូវបញ្ហានេះតែប៉ុណ្ណោះ ទើបអាចធានាដល់ដំណើរការសង្គមជាតិ ក្នុងបរិបទនៃការរាតត្បាតជំងឺកូវីដ១៩។

សូមបញ្ជាក់ថា នៅយប់នេះសម្តេចតេជោ ហ៊ុន សែន និងឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា អញ្ជើញទទួលវ៉ាក់សាំងជំនួយរបស់ជប៉ុន ដែលមានចំនួន៣៣ម៉ឺនដូស។ នេះចំនួនដំបូងក្នុងចំណោមចំនួន ១លានដូស៕