(ភ្នំពេញ)៖ ជាអតីតមន្ត្រីយោធាជើងអាកាស នៃកងយោធពលខេមរៈភូមិន្ទម្នាក់ នៅថ្ងៃពុធទី២៣ ខែមីនា ឆ្នាំ២០១៦ ត្រូវបាន សាលាដំបូងរាជធានី ភ្នំពេញ ធ្វើការជំនុំជម្រះ ជាសាធារណៈ ពាក់ព័ន្ធនឹងការចេញសែក គ្មានសាច់ប្រាក់តម្លៃ៥ម៉ឺនដុល្លារ ឲ្យទៅដៃគូរកស៊ីឈើរបស់គាត់ម្នាក់ប្រព្រឹត្ត កាលពីឆ្នាំ ២០១០។
លោក កោ វណ្ឌី ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងនៅក្នុងអង្គសវនាការថា៖ ជនជាប់ចោទរូបនេះ មានឈ្មោះ ឆេង សុគន្ធា ភេទប្រុស មានមុខរបរមុនចាប់ខ្លួនជា មន្ត្រីយោធា និង ពាណិជ្ជករ រកស៊ីផ្នែកឈើប្រណិត។ នៅក្នុងរឿងក្តីនេះ ជនជាប់ចោទត្រូវបានជាប់ចោទពីបទ៖ មិនបំពេញកតព្វកិច្ចចំពោះឧបករណ៍ ដែលអាចជួញដូរបានតាមបញ្ញាតិមាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់ សង។ ២០១៦។ ចំណែកឯជាភាគីដើមបណ្តឹងនៅក្នុងរឿងក្តីនេះ មានឈ្មោះ លី ធីរិទ្ធិ ភេទប្រុស មានមុខរបរៈ ពាណិជ្ជករ និង មានមេធាវីតំណាង ដោយ អាណត្តិមានឈ្មោះ លោកសំ សុគង់។
លោកចៅក្រម បានបញ្ជាក់ថា៖ ជនជាប់ចោទឈ្មោះ ឆេង សុគន្ធា ត្រូវបានវចាប់ខ្លួន តាម ដីកាសាលាដំបូងរាជធានីភ្នំពេញ កាលពីខែ មករា ឆ្នាំ ២០១៦។ នៅក្នុងរឿងក្តីនេះ ភាគីដើមបណ្តឹង ប្តឹងសុំឲ្យតុលាការសម្រេចផ្តន្ទាទោស ជនល្មើសតាមច្បាប់ និង ទាមទារប្រាក់ដើម ចំនួន៥ម៉ឺនដុល្លារអាមេរិករ និងថ្លៃជម្ងឺចិត្ត ចំនួន១ម៉ឺនដុល្លារអាមេរិក។
ចំពោះ សំណុំរឿងក្តីនេះ សាលាដំបូងរាជធានីភ្នំពេញ នឹងប្រកាសសាលក្រម នៅ រសៀល ថ្ងៃ ទី ៣០ ខែ មីនា ឆ្នាំ ២០១៦ ខាងមុខនេះ៕