(រតនគិរី)៖ ក្នុងបរិបទកូវីដនេះកសិករ១គ្រួសារ រស់នៅភូមិប៉ាតាង ឃុំប៉ាតាង ស្រុកលំផាត់ ខេត្តរតនគិរី ដែលប្រកបមុខរបរដាំបន្លែគ្រប់មុខយកមកលក់នៅទីផ្សារ កំពុងតែសប្បាយចិត្តក្នុងការលក់បានថ្លៃជាងឆ្នាំមុន។
អ៊ំស្រី រី សុផល បានប្រាប់ភ្នាក់ងារ Fresh News នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះថា គ្រួសារគាត់ប្រកបមុខរបរដាំបន្លែគ្រប់មុខជិត១០ឆ្នាំមកហើយ តែឆ្នាំនេះបន្លែដែលត្រូវប៉ាន់ជាងគេ គឺបន្លែសណ្ដែកកួរ និងបន្លែស្ពៃដែលមានតម្លៃចាប់ពី ៣.០០០ រហូតដល់ ៥.០០០រៀលក្នុងមួយគីឡូក្រាម។
អ៊ំស្រីបានបន្តថា ក្នុងផ្ទៃដីជាង១ហិកតាសម្រាប់ដាំបន្លែគ្រប់មុខ ហើយបច្ចុប្បន្នគាត់កំពុងជួលដីគេជិត២ហិកតាថែមទៀត ដើម្បីដាំបន្លែវិលជុំសម្រាប់លក់ជូនទៅដល់អតិថិជន។
ក្រៅពីដាំបន្លែគ្រប់មុខគ្រួសារអ៊ំស្រី រី សុផល នៅមានចិញ្ចឹមសត្វដាំដំណាំហូបផ្លែ ចិញ្ចឹម មាន់ ទា ជាពិសេសគាត់បានចិញ្ចឹមគោជិត២០ក្បាលផងដែរ សម្រាប់យកអាចម៍គោធ្វើជាជីដាក់បន្លែ និងធ្វើស្រែវស្សាសម្រាប់ផ្គត់ផ្គង់ ជីវភាពបន្ថែមទៀត។
ប្រធានមន្ទីរកសិកម្មខេត្ត លោក សយ សូណា បានថ្លែងឲ្យដឹងថា សម្រាប់ខេត្តរតនគិរី ចំពោះបណ្ដុំអាជីវកម្ម បន្លែធម្មជាតិលោកតែងតែចុះប្រឹក្សាយោបល់ជាមួយប្រជាពលរដ្ឋតាមមូលដ្ឋាន និងស្វែងរកទីផ្សារជួយពួកគាត់ថែមទៀតផង។
ប្រធានមន្ទីរកសិកម្មរូបនេះ បានបន្ថែមទៀតថា ក្នុងឆ្នាំ២០២១នេះ លោកបានចងក្រងបណ្ដុំអាជីវកម្មដំណាំគ្រួសារចំនួន២៩០គ្រួសារ ហើយផ្ដល់ផ្ទះសំណាញ់ចំនួន៥សម្រាប់កសិករ, ចំពោះដីដាំបន្លែមានចំនួន១៥ហិកតា ប្រមូលផលផង និងដាំផង។
ដោយឡែកឆ្នាំ២០២០កន្លងទៅ បានផ្ដល់ផ្ទះសំណាញ់ចំនួន៦ ដល់កសិករ ហើយកសិករដាំបន្លែមានចំនួន២០៤គ្រួសារ។ លោកបញ្ជាក់ថា បច្ចុប្បន្នកសិករដែលដាំបន្លែគ្រប់មុខទូទាំងខេត្តមានចំនួន៦៩០គ្រួសារ ហើយពេលនេះពួកគាត់កំពុងតែសប្បាយចិត្ត នឹងការប្រមូលផលជាមួយតម្លៃលក់បានសមរម្យផងដែរ៕