(ភ្នំពេញ)៖ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចុះបង្ក្រាប ករណីជួញដូរគ្រឿងញៀន ចាប់ខ្លួនជនជាតិខ្មែរ២នាក់ និងរឹបអូសគ្រឿងញៀនជាង៥០គីឡូក្រាម នៅ៤ទីតាំងផ្សេងគ្នា ក្នុងរាជធានីភ្នំពេញ។
ប្រតិបត្ដិការនេះ អនុវត្តតាមបញ្ជានាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែន ប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់លោកឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។
ប្រតិបត្ដិការនេះ ធ្វើឡើងនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១០៖៣៥នាទី ដែលសមត្ថកិច្ច នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក១) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរ និងលោកវរសេនីយ៍ទោ ហុង វណ្ណារិទ្ធ នាយការិយាល័យ (ក១) សហការជាមួយកម្លាំង ជំនាញស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ សម្របសម្រួលដោយ លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះស្រាវជ្រាវ និងឈានទៅបង្ក្រាបក្រុមឧក្រិដ្ឋជនជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅ៤ចំណុចផ្សេងគ្នាជាបន្តបន្ទាប់ រួមមាន៖
ទី១៖ នៅចំណុចផ្លូវលំ សង្កាត់ទួលសង្កែរ១ ខណ្ឌឬស្សីកែវ, ទី២៖ នៅចំណុច អតីតរោងចក្រទឹកដោះគោ លើផ្លូវជាតិលេខ៥ សង្កាត់ទួលសង្កែរ១ ខណ្ឌឬស្សីកែវ, ទី៣៖ នៅចំណុចផ្ទះជួលលេខ១៣២៩ ផ្លូវ១០៣ ភូមិទួលថ្លាន់ សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ និងទី៤ ផ្ទះដេ២ ផ្លូវបេតុង ភូមិក្រាំងធ្នង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លទ្ធផលឃាត់ខ្លួនជនសង្ស័យ២នាក់ ឈ្មោះ សាន ពិសិដ្ឋ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ និងម្នាក់ទៀត ឈ្មោះ សុខ ពន្លក ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ។ ចាប់យកវត្ថុតាង សារធាតុញៀនសរុប ៥០គីឡូក្រាម ២៨៦,៦៦ក្រាម ក្នុងនោះ មេតំហ្វេតាមីន (ICE) ៣០កញ្ចប់ធំ ៤កញ្ចប់តូច ស្មើទម្ងន់៣០គីឡូក្រាម ៣៤០ក្រាម កេតាមីន (Ketamine) ២០កញ្ចប់ធំ ស្មើទម្ងន់១៩គីឡូក្រាម ៩៤៦,៦៦ក្រាម ទូរស័ព្ទ ៣គ្រឿង ម៉ូតូ១គ្រឿង និងរថយន្ត១គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ៕