(ស្វាយរៀង)៖ លោក សរ សុដានី អភិបាលរងក្រុងស្វាយរៀង នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ បានចុះពិនិត្យមើលទីតាំងពង្រីកផ្លូវលេខ៣១៤ ពីកែងផ្កូវទំនប់តាណេង ឆ្ពោះទៅដល់កែងគោដេក តភ្ជាប់ពីផ្លូវជាតិលេខ១ ដោយម្ខាងៗ មានប្រវែង ៤ម៉ែត្រ ដើម្បីសម្រួលលំហូរចរាចរណ៍ឱ្យធំទូលាយជូនប្រជាពលរដ្ឋឆ្លងកាត់កាន់តែងាយស្រួល។
លោក សរ សុដានី បានថ្លែងថា សព្វថ្ងៃនេះមានពលរដ្ឋរស់នៅអមសង្ខាងផ្លូវលេខ៣១៤ បានសាងសង់សំណង់នៅលើដីចំណីផ្លូវធ្វើឱ្យបាត់បង់នូវសណ្ដាប់ធ្នាប់សាធារណៈ ដូច្នេះ សូមមេត្តារួសរាន់រុះរើចេញឱ្យបានឆាបរហ័ស ដើម្បីសោភ័ណភាពក្រុងផង និងបញ្ចៀសការគ្រោះចរាចរណ៍ដែលកើតឡើងជាយថាហេតុផងដែរ។
នាឱកាសនោះដែរ លោក សរ សុដានី បានបន្តថា «ទោះបីស្ថិតក្នុងស្ថានភាពរវល់ទប់ទល់ការរីករាលដាលនៃជំងឺកូវីដ១៩ ក៏ដោយ តែចរន្តនៃការអភិវឌ្ឍមូលដ្ឋាន នៅតែបបន្ថែមការយកចិត្តទុកដាក់ពីលោកអភិបាលខេត្តស្វាយរៀង នៅពេលឆាប់ៗខាងមុខនេះ ប្រជាពលរដ្ឋនឹងទទួលបានការពង្រីកផ្លូវលេខ៣១៤ ពីកែងផ្កូវទំនប់តាណេង ឆ្ពោះទៅដល់កែងគោដេក តភ្ជាប់ពីផ្លូវជាតិលេខ១ ដោយម្ខាងៗ មានចំនួន០៤ម៉ែត្រ»។
លោកថាបន្ថែមថា «ការពង្រីកផ្លូវលេខ៣១៤នេះ គឺដើម្បីសម្រួលលំហូរចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋឱ្យកាន់តែងាយស្រួលឆ្លងកាត់ និងលើកកម្ពស់ មុខមាត់ សោភ័ណភាពទីក្រុងស្វាយរៀងយើង ដូច្នេះ ក្នុងនាមអាជ្ញាធរក្រុង សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅអមសង្ខាងផ្លូវ ហើយបានសាងសង់សំណង់ផ្សេងៗ លើដីចំណីផ្លូវសូមមេត្តារួសរាន់រុះរើចេញ ទៅតាមការកំណត់ក្រុមការងារបច្ចេកទេស ក៏ដូចជាការកំណត់សេចក្តីជូនដំណឹងរបស់រដ្ឋបាល ក្រុង-សង្កាត់ អោយបានទាន់ពេលវេលា ដើម្បីឱ្យគម្រោងសាងសង់នេះអនុវត្តទៅមុខបានដោយរលូន គឺធ្វើឱ្យបាន ធ្វើឱ្យលឿន និងមានតម្លាភាព»។
ទន្ទឹមនឹងនេះដែរ លោកក៏បានអគុណសន្តិភាព បើមិនមានសន្តិភាពក៏មិនមានថ្ងៃនេះ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឱ្យប្រទេសជាតិ មានរីកចម្រើន និងមានការអភិវឌ្ឍលើគ្រប់វិស័យផងដែរ។
លោកអភិបាលរងក្រុងស្វាយរៀង ក៏បានជំរុញដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំភ្លេចអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ «៣ការពារ និង៣កុំ» ឱ្យបានខ្ជាប់ខ្ជួន ទើបអាចជៀសផុតពីការឆ្លងរីករាលដាលនៃជំកូវីដ១៩ ដ៏កាចសាហាវមួយនេះផងដែរ៕