(សៀមរាប)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ បានបន្ដឧបត្ថម្ភថវិកាជាលើកទី៣ ចំនួន ៥០,០០០ដុល្លារ និងផ្ដល់អាល់កុលចំនួន១៥០លីត្រ, ម៉ាសចំនួន ៥,០០០, ស្រោមដៃចំនួន ២,០០០, ទឹកថ្នាំសម្លាប់មេរោគចំនួន ៥០លីត្រ និងម៉ាស៊ីនចំហាយចំនួន២ ដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ដើម្បីចូលរួមចំណែកជាមួយមន្ទីរពេទ្យ ក្នុងការព្យាបាល និងថែទាំសុខភាពកុមារ និងទារករាប់រយនាក់ក្នុងមួយថ្ងៃ ដោយបានមកទទួលសេវាព្យាបាលដោយឥតគិតថ្លៃ។
ក្នុងឱកាសលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បាននាំយកថវិកា និងសម្ភារផ្សេងៗទៀត រួមទាំងសម្រាប់ប្រើប្រាស់ប្រយុទ្ធនឹងជំងឺកូវីដ១៩ ជូនដល់មន្ទីរពេទ្យកុមារអង្គរ សៀមរាប លោកស្រីក៏បានពាំនាំប្រសាស៍ផ្តាំផ្ញើសួរសុខទុក្ខរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ពីក្តីនឹករលឹក អាណិតស្រឡាញ់ ខ្វល់ខ្វាយពីការខ្វះខាតនានា ដល់កុមារគ្រប់រូប ជាពិសេស កុមារដែលងាយរងគ្រោះបំផុត។
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ លោកតែងតែគិតគូរ យកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការលើកកម្ពស់សុខុមាលភាព និងផ្ដល់ជាកម្លាំងចិត្ដដល់កុមារងាយរងគ្រោះទាំងអស់ ឱ្យមានក្ដីសង្ឃឹម ការតស៊ូ ខិតខំរៀនសូត្រ ជាក្មេងគំរូ ដែលជាធនធានដ៏មានតម្លៃរបស់ប្រទេសជាតិ។
កន្លងមកនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ដល់ជាថវិកា ក៏ដូចជាសម្ភារគ្រឿងបរិភោគ-ឧបភោគ ដល់បណ្ដាអង្គការដែលបណ្ដុះបណ្ដាលកុមារងាយរងគ្រោះទូទាំងប្រទេស ដោយមិនលំអៀងនោះឡើយ រូមមាន អង្គការអាហ្វេស៊ីបកម្ពុជា, អង្គការលើកស្ទួយប្រជាពលរដ្ឋ, មន្ទីរពេទ្យ គន្ធបុប្ផា និងអង្គការជាច្រើនទៀត។
ជាក់ស្ដែងនៅថ្ងៃនេះ បានផ្ដល់ថវិកាជូនមន្ទីរពេទ្យកុមារអង្គរ សៀមរាប ដោយភា្ជប់ជាមួយនឹងការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកគ្រប់គ្រង ក្រុមគ្រូពេទ្យ និងបុគ្គលិកទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ ផ្តល់ភាពកក់ក្តៅ និងខិតខំព្យាបាលជំងឺកុមារអស់ពីកម្លាំងកាយចិត្ត ឱ្យរស់រានមានជីវិត។
ជាមួយគ្នានេះ លោកស្រី ពុំ ចន្ទីនី បានក្រើនរំលឹក ដល់ប្រជាពលរដ្ឋគ្រប់រូប សូមកុំភ្លេចជំងឺកូវីដ១៩ឱ្យសោះ វាមិនភ្លេចយើងទេ បើធ្វេសប្រហេសនោះ វានឹងវាយលុកចូលរាងកាយ ដែលអាចគ្រោះថ្នាក់ដល់ជីវិតផងដែរ។ ដូច្នេះស្របនឹងស្ថានភាពបច្ចុប្បន្នភាព ដែលនៅលើសកលលោកកំពុងប្រឈមនឹងការរាតត្បាតយ៉ាងសាហាវនៃជំងឺកូវីដ១៩ កម្ពុជាយើងក៏ដូចគ្នា ដែលតម្រូវឱ្យពលរដ្ឋរៀនរស់ធម្មតា បែបនគន្លងមថ្មី ជាពិសេសបន្ដរួមគ្នាជាមួយរាជរដ្ឋាភិបាលយើង អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល និង៣ការពារ ៣កុំ ដើម្បីរួមគ្នាកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ-១៩៕