(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យបង្កើត «គណបក្សកម្ពុជានិយម» ដែលមានអក្សរកាត់ «ប.ក» ក្រោយពីមានការស្នើសុំបង្កើត ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ឆ្នាំ២០២៣។ នេះបើតាមលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ។
បើតាមលិខិតរបស់ សម្តេចក្រឡាហោម ស ខេង នាថ្ងៃទី២៣ ខែកក្កដា បានឱ្យដឹងថា ដើម្បីទទួលបានសុពលភាព និងអាចធ្វើសកម្មភាព បានដោយស្របច្បាប់ ក្នុងឋានៈជានីតិបុគ្គល ក្នុងរយៈពេល១៨០ (មួយរយប៉ែតសិប) ថ្ងៃបន្ទាប់ពីបានបង្កើតរួចហើយ គណបក្សកម្ពុជានិយម ត្រូវរៀបចំបែបបទ និងបំពេញលក្ខខណ្ឌ ស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃ ស្របតាមកថាខណ្ឌទី២ មាត្រា៩ មាត្រា១៨ថ្មី មាត្រា១៩ថ្មី និងមាត្រា២០ នៃច្បាប់ស្តីពីគណបក្សនយោបាយ។
គណបក្សកម្ពុជានិយម មានអាសយដ្ឋាន នៃទីស្នាក់ការកណ្តាល ស្ថិតនៅពិភពថ្មីកួរស្រូវ៣ ផ្ទះលេខ៥២-៥៤ ផ្លូវបេតុង ៩ម៉ែត្រ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ៕
ខាងក្រោមនេះ ជាលិខិតរបស់សម្តេចក្រឡាហោម ស ខេង៖