(តូក្យូ)៖ នាវាមួយគ្រឿងផ្ទុកដោយសារធាតុភ្លុយតានីត្យូម សម្រាប់ផលិតអាវុធនុយក្លេអ៊ែ បានចាកចេញពីប្រទេសជប៉ុន ឆ្ពោះទៅកាន់សហរដ្ឋអាមេរិកនៅថ្ងៃអង្គារនេះ ដោយនេះគឺជាការបញ្ជូន គ្រឿងសម្ភារៈគ្រោះថ្នាក់កម្រិតខ្ពស់ ចាប់តាំងពីឆ្នាំ១៩៩២មក នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៣ ខែមីនា។
ក្រុមអភិរក្សបរិស្ថាន Greenpeace បានបញ្ជាក់ថា សារធាតុភ្លុយតានីត្យូមប្រមាណ ៣៣១គីឡូក្រាម គឺគ្រប់គ្រាន់ក្នុងការផលិតអាវុធនុយក្លេអ៊ែ ប្រមាណជា ៥០គ្រាប់ ត្រូវបានយកពីមជ្ឈមណ្ឌលស្រាវជ្រាវនុយក្លេអ៊ែមួយនៅតំបន់កំពង់ផែ Tokai Mura ប្រទេសជប៉ុន ដាក់ទៅលើនាវារបស់ចក្រភពអង់គ្លេស ឈ្មោះ Pacific Egret ដើម្បីបញ្ជូនទៅកាន់រដ្ឋ South Carolina សហរដ្ឋអាមេរិក។
ភ្នាក់ងារថាមពលអាតូមិកជប៉ុន (JAEA) ដែលជាភ្នាក់ងាររបស់រដ្ឋាភិបាលទទួលបន្ទុកលើគ្រឿងឧបករណ៍នុយក្លេអ៊ែ មិនបានធ្វើអត្ថាធិប្បាយលើរបាយការណ៍របស់ក្រុម Greenpeace នោះទេ ខណៈស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងតូក្យូ ក៏បានបដិសេធក្នុងការអត្ថាធិប្បាយផងដែរ។
ការដឹកបញ្ជូនសារធាតុភ្លុយតានីត្យូម គឺជាដំណឹងដ៏រសើបមួយ ព្រោះវាអាចយកទៅប្រើប្រាស់ក្នុងការផលិតអាវុធនុយក្លេអ៊ែ ឬក៏គ្រាប់បែកដ៏កាចសាហាវ ហើយការដឹកបញ្ជូននេះទៀតសោតគឺជាចំនួនដ៏តិចមួយនៃសារធាតុភ្លុយតានីត្យូមសរុបនៅក្នុងប្រទេសជប៉ុន ដែលមានប្រមាណជិត ៥០តោន ដោយភាគច្រើនបានមកពីការដំណើរឡើងវិញ នៃរ៉េអាក់ទ័រនៅស្ថានីយ៍ផលិតអគ្គីសនី ដើរដោយថាមពលនុយក្លេអ៊ែរ។
សារធាតុភ្លុយតានីត្យូម ត្រូវបានដឹកបញ្ជូនដើម្បីផ្គត់ផ្គង់ដល់សហរដ្ឋអាមេរិក, ចក្រភពអង់គ្លេស និងបារាំងសម្រាប់គម្រោង Fast Critical Assembly របស់ភ្នាក់ងារ JAEA នៅក្នុងឧប្បតិហេតុនុយក្លេអ៊ែរ Tokai Mura ដែលបានកើតឡើង កាលពីឆ្នាំ១៩៩៧៕