(កំពង់ធំ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឱ្យប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ រួមជាមួយអាជ្ញាធរ ដែនដី បានទៅប្រគល់ផ្ទះថ្មី១ខ្នង តាមរយៈលោក គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ជូនអតីតយុទ្ធជនពិការ នៅភូមិសង់ឃ្លាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ។
លោក សោម ស៊ុន បានបញ្ជាក់ថា លោក សោម ស៊ី អាយុ៦៧ឆ្នាំ បានចូលបម្រើក្នុងជួរកងទ័ពក្នុងឆ្នាំ១៩៧៩ នៅអង្គភាពយោធាស្រុកសន្ទុក ខេត្តកំពង់ធំ ត្រូវរបួសពិការនៅឆ្នាំ១៩៩១ ក្នុងសមរភូមិបឹងខ្វែក ឃុំព្នៅ ស្រុកសន្ទុក មានភរិយាឈ្មោះ ហួត ឆេន អាយុ៦២ឆ្នាំ មានកូននៅក្នុងបន្ទុកចំនួន ៣នាក់ កន្លងមក សុំជ្រកកោនជាមួយផ្ទះបងប្អូន គ្មានលទ្ធភាពសាងសង់ផ្ទះ បានសមរម្យនៅលើដីខ្លួនឯង ដោយសារជីវភាពលំបាកខ្វះខាត។
ក្រុមការងារនៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ សម្រេចសង់ផ្ទះថ្មី ដែលជាខ្នងផ្ទះទី១៩៥ ជាអំណោយសម្តេចតេជោ ហ៊ុន សែន មានទំហំ ៦ម៉ែត្រ គុណ៤ម៉ែត្រ សាងសង់ខ្ពស់ផុតពីដី សសរបេតុង ឆ្អឹងដែក រនាបក្តា ដំបូលប្រក់ស័ង្កសីកិនភ្លី និងជណ្ដើរកាច់។
លោក សោម ស៊ុន បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន នៅគ្រប់ទីកន្លែង ព្រោះអតីតយុទ្ធជន ជាអ្នកមានគុណបំណាច់យ៉ាងធំធេង ជួយឱ្យប្រទេសជាតិ មានសុខសន្តិភាពដូចសព្វថ្ងៃនេះ និងបានសំណូមពរដល់ក្រុមគ្រួសារអតីតយុទ្ឋជន ត្រូវចូលរួមទប់ស្កាត់ការឆ្លងរីករាដាលមេរោគកូវីដ១៩។
ជាមួយគ្នានេះដែរ អាជ្ញាធរដែនដី ប្រជាពលរដ្ឋ និងក្រុមគ្រួសារអតីតយុទ្ធជនពិការ បានថ្លែងអំណរគុណម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងលោក ហ៊ុន ម៉ាណែត និងលោកស្រី ព្រមទាំងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ សូមមានសុខភាពល្អសម្រេចជោគជ័យគ្រប់ភារកិច្ច។
សូមបញ្ជាក់ដែរថា ក្នុងពិធីនោះ ក្រុមការងារបាននាំយកអំណោយលោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ្រ ចន្ទមុន្នី បានឧបត្ថម្ភរួមមាន៖ អង្ករ ៥០គីឡូក្រាម, មីចំនួន២កេស, ត្រីខកំប៉ុង១យួរ, ទឹកត្រីនឹងទឹកស៊ីអ៊ីវចំនួន ២យួរ, ម៉ាស់ចំនួន ១ប្រអប់ និងថវិកាមួយចំនួនផងដែរ៕