(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញលិខិតមួយណែនាំទៅ «គណបក្សបេះដូងជាតិ» ឱ្យកែសម្រួលលក្ខន្តិកៈរបស់គណបក្ស និងត្រូវបំពេញបន្ថែមនូវសំណុំឯកសារជូនក្រសួងមហាផ្ទៃ ក្នុងរយៈពេល ១៥ថ្ងៃ មុនសុំដាក់ពាក្យចុះបញ្ជី ដើម្បីបង្កើតគណបក្សម្តងទៀត។ នេះបើតាមលិខិតរបស់ក្រសួងមហាផ្ទៃ ប្រាប់ទៅគណបក្សបេះដូងជាតិ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
ក្រសួងមហាផ្ទៃ បញ្ជាក់ថា ក្រសួងបានទទួលរួចហើយនូវពាក្យសុំចុះបញ្ជី «គណបក្សបេះដូងជាតិ» ដែលសរសេរជាអក្សរកាត់ គ.ប.ជ។ ពាក់ព័ន្ធនឹងករណីនេះ ក្រសួងមហាផ្ទៃ បានពិនិត្យឃើញថា សំណុំឯកសារសុំចុះបញ្ជីរបស់គណបក្សបេះដូងជាតិ មិនទាន់មានលក្ខណៈគ្រប់គ្រាន់ និងត្រឹមត្រូវស្របតាមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីគណបក្សនយោបាយ ដោយសារពុំបានភ្ជាប់មកជាមួយនូវឯកសារមួយចំនួនរួមមាន៖ ១៖ សេចក្តីសម្រេចបង្កើតគណៈកម្មាធិការបណ្តោះអាសន្ន ២៖ គោលនយោបាយ និងកម្មវិធីនយោបាយ សំខាន់ៗរបស់គណបក្ស ៣៖ ជីវប្រវត្តិសង្ខេបរបស់ប្រធាន ឬស្ថាបនិកចំនួន ៣(បី)នាក់យ៉ាងតិច។
ទន្ទឹមនេះ លក្ខន្តិកៈរបស់គណបក្សបានកំណត់កាលបរិច្ឆេទ នៃការបង្កើតគណបក្ស គឺជាន់លើថ្ងៃបុណ្យទិវាពលកម្មអន្តរជាតិ (០១-ឧសភា) និងបានចែងនូវខ្លឹមសារចំណុចសំខាន់ៗ មានលក្ខណៈច្របូកច្របល់ ដោយរៀបចំឡើងពុំស្របតាមបញ្ញត្តិមាត្រា១០ និងមាត្រា១៧ថ្មី នៃច្បាប់ស្តីពីគណបក្សនយោបាយ ព្រមទាំងមានកំហុសអក្ខរាវិរុទ្ធជាច្រើនផងដែរ។
ដូច្នេះ ផ្អែកតាមបញ្ញត្តិមាត្រា២៤ នៃច្បាប់ស្តីពីគណបក្សនយោបាយ ក្រសួងមហាផ្ទៃ តម្រូវឲ្យគណបក្សបេះដូងជាតិ ត្រូវធ្វើការកែសម្រួលខ្លឹមសារចំណុចសំខាន់ៗ នៃលក្ខន្តិកៈរបស់គណបក្ស ព្រមទាំងត្រូវបំពេញបន្ថែមនូវសំណុំឯកសារជូនមកក្រសួងមហាផ្ទៃវិញ យ៉ាងយូរក្នុងរយៈពេល ១៥(ដប់ប្រាំ)ថ្ងៃ ដោយគិតចាប់ពីថ្ងៃទទួលបានលិខិតជូនដំណឹងនេះ ជាកំណត់៕