(ភ្នំពេញ)៖ យុវជនគណបក្សហ៊្វុនស៊ិនប៉ិច ចំនួន២៥រូប ទទួលបានបណ្តុះបណ្តាល សិក្សារៀនសូត្រពីសាស្ត្រចារ្យ លើប្រធានបទសំខាន់ដូជា៖ អភិបាលកិច្ចល្អ យុទ្ធសាស្ត្រយុទ្ធនាការឃោសនាបោះឆ្នោត ការចងក្រងកម្មាភិបាលវ័យក្មេង និងបទពិសោធន៍ ក្នុងដឹកនាំ គ្រប់គ្រងរបស់គណបក្សកុម្មុយនិស្តចិន។
វគ្គបណ្តុះបណ្តាលបានធ្វើរយៈពេល៣ថ្ងៃ ចាប់តាំងពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២១ តាមរយៈប្រព័ន្ធ ZOOM MEETING ក្រោមការរៀបចំឡើងដោយក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឃិមបក្សកុម្មុយនិស្តចិន ជាមួយគណបក្ស ហ៊្វុនស៊ិនប៉ិច។
នៅក្នុងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ មានកិច្ចប្រជុំពិសេសមួយរវាងថ្នាក់ដឹកនាំជាន់ខ្ពស់ លោក Guo Yezhou អនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឃិមបក្សកុម្មុយនិស្តចិន និងលោក ឆឹង ចំរើន អនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច
នៅកិច្ចប្រជុំដ៏មានសារសំខាន់នោះ លោក Guo Yezhou បានថ្លែងអំណរគុណថ្វាយ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ដែលផ្ញើលិខិត អបអរសាទរជូនចំពោះ លោក ស៊ី ជីងភីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន និងជាអគ្គលេខាធិការបក្សកុម្មុយនិស្តចិន ក្នុងខួប១០០ឆ្នាំ នៃការបង្កើតបក្សកុម្មុយនិស្តចិន។
លោកអនុរដ្ឋមន្ត្រីបានបញ្ជាក់ការគាំទ្រ មិត្តភាពដែកថែប ការធ្វើកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងជាប្រពៃណីរវាងចិន និងកម្ពុជា ព្រមទាំងបន្តការគាំទ្រ កិច្ចសហប្រតិបត្តិការ ជាមិត្តល្អជាមួយ គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិចផងដែរ។
នាឱកាសនោះដែរ លោក ឆឹង ចំរើន អនុប្រធានគណបក្សបានថ្លែងនូវ សេចក្តីអំណរគុណចំពោះមហាមិត្ត គណបក្សកុម្មុយនិស្តចិន ដែលបានគាំទ្រគណបក្សហ៊្វុនស៊ិនប៉ិច រហូតរៀងមក និងអរគុណចំពោះមហាមិត្តចិនដែល បានផ្តល់ជាអំណោយក្នុងការអភិវឌ្ឍន៍ ដល់ប្រទេសកម្ពុជាដ៏ច្រើនឥតគណនា ជាពិសេសអំណោយជាវ៉ាក់សាំង និងម៉ាស់ សម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។
លោក ឆឹង ចំរើន បានប្តេជ្ញារក្សាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការបន្តទៀត នឹងការគាំទ្រ នយោបាយ ចិនតែមួយគ្រប់កាលៈទេសៈ៕