(ភ្នំពេញ)៖ ប្រទេសកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំកំពូល ឡានឆាង-មេគង្គ (LMC) ជាលើកទី២ បន្ទាប់ពីប្រទេសចិន នៅឆ្នាំ២០១៨ ខាងមុខនេះ។ ការទទួលធ្វើជាម្ចាស់ផ្ទះនេះ ធ្វើឡើងទៅតាមសំណូមពររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ប្រជុំកំពូល ឡានឆាង-មេគង្គ លើកដំបូង (1st Lancang-Mekong Cooperation Leader’s Meeting-LMC) ត្រូវបានធ្វើឡើង នៅទីក្រុងសានយ៉ា ខេត្តហៃណាន ប្រទេសចិន ក្នុងនោះមានមេដឹកនាំប្រទេស៦ចូលរួម។ ប្រទេសទាំង៦នោះ រួមមានកម្ពុជា ចិន ឡាវ ថៃ មីយ៉ានម៉ា និង វៀតណាម។
សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំឡានឆាង-មេគង្គ លើកដំបូងនេះ ប្រមុខដឹកនាំនៃប្រទេសទាំង៦ បានចុះហត្ថលេខាលើឯកសារសំខាន់ៗមួយ ចំនួនដូចជា៖
១-សេចក្តីថ្លែងការណ៍ទីក្រុងសានយ៉ានៃកិច្ចប្រជុំកំពូល មេគង្គ ឡានឆាង លើកទី១ (Sanya Declaration of the 1st LMC Leader’s Meeting)
២-សេចក្តីប្រកាសរួម ស្តីពីកិច្ចសហប្រតិបត្តិការសមត្ថភាពផលិតកម្ម (Joint Statement on Production Capacity Cooperation Among LMC Countries)
៣-គម្រោងឆាប់ទទួលបានផលភ្លាមៗនៃកិច្ចសហប្រតិបត្តិការ មេគង្គ ឡានឆាង (Joint List of LMC Early Harvest Projects) ផងដែរ៕