(ស្វាយរៀង)៖ យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅខេត្តស្វាយរៀង បានធ្វើឡើងយ៉ាងផុសផុលដោយមានពលរដ្ឋ កម្មករ-កម្មការិនីរោងចក្រ ព្រះសង្ឃ បានអញ្ជើញ-និមន្ត ទៅទទួលយកវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយគិតមកដល់ពេលនេះមានជាង២០ម៉ឺនអង្គ-នាក់ហើយ។
លោកបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានឲ្យដឹងនៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះថា ការចាក់វ៉ាក់សាំងនៅក្នុងខេត្តស្វាយរៀង គឺបានចាក់ជូនដល់ប្រជាពលរដ្ឋ ព្រះសង្ឃ កម្មករ កម្មការិនីចំនួន០៨ស្រុក-ក្រុង ក្នុងនោះចាក់ថ្នាំប្រភេទស៊ីណូវ៉ាក់បានចំនួន ២០២,៨៦៣នាក់ ស្រី ១០៩,៥៧៨នាក់ និងចាក់លើកទី២ បានចំនួន១៥,២០៩នាក់។ ចំណែកការចាក់ថ្នាំវ៉ាក់សាំងប្រភេទស៊ីណូហ្វាម បានចំនួន ១៩,០០៦នាក់ស្រី ១០,៥១៦នាក់។
លោកបណ្ឌិត កែរ រដ្ឋា បានបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលបានប្រព្រឹត្តិទៅនេះគឺជាការគិតគូដោយយកចិត្តទុកដាក់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជូនដល់ប្រជាពលរដ្ឋឱ្យ មានសុខភាពមាំមួន ក្នុងការបង្កើនភាពស៊ាំ និងអង់ទីគ័រការពារប្រឆាំងនឹងជំងឺឆ្លងរាតត្បាតកូវីដ-១៩ ជាពិសេសវ៉ាក់សាំងនេះ អាចជួយកាត់បន្ថយការឆ្លងរាលដាលបានមួយផ្នែកធំ ទោះបីវាមានការឆ្លង ក៏អ្នកជំងឺមិនធ្ងន់ធ្ងរ មិនមានហានិភ័យដល់អាយុជីវិតនោះឡើយ។
លោកថា ចំពោះប្រជាពលរដ្ឋដែលដែលបានចាក់វ៉ាក់សាំងនៅដូសទី១ រួចរាល់ហើយនោះ ត្រូវមកទទួលវ៉ាក់សាំងដូសទី២បន្តទៀត ដើម្បីឱ្យវ៉ាក់សាំងមានប្រសិទ្ធភាព ម្យ៉ាងទៀតក្រោយទទួលបានវ៉ាក់រួចត្រូវតែបន្ត ប្រកាន់ភ្ជាប់នូវវិធានការ «៣ការពារ ៣កុំ» របស់ប្រមុខរាជរដ្ឋាភិបាលឲ្យបានខ្ជាប់ខ្ជួន។
លោកបណ្ឌិត កែរ រដ្ឋា បន្ថែមថា ការគិតគូរដ៏ឈ្លាសវ៉ៃ និងប៉ិនប្រសព្វរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចបានផ្តល់វ៉ាក់សាំងដើម្បីចាក់ជូនដល់ ប្រជាពលរដ្ឋ កម្មករ កម្មការិនីព្រះសង្ឃដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅដោយឥតគិតថ្លៃ ហើយប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀងទាំងមូល និងទទួលបានការចាក់វ៉ាក់ សាំងគ្រប់ៗគ្នា ក្នុងការទប់ស្កាត់នៃការឆ្លងជំងឺកូវីដ-១៩ផងដែរ៕