(សៀមរាប)៖ ព្រះសង្ឃ និងសប្បុរសជន ដែលមានឧត្តមគតិចូលរួមជួយសង្គមជាតិ និងរួមចំណែកជួយរាជរដ្ឋាភិបាលនោះ បានរួមគ្នាជួយជួសជុលបុរាណវត្ថុ នៃតំបន់បេតិកភណ្ឌពិភពលោក។
តាមរយៈព្រះតេជគុណ តាត មហាទី ចៅអធិការវត្តព្រះឥន្ទកោសា ខេត្តសៀមរាប លោកស្រីអគ្គមហាឧបាសិកា កិត្តិ បណ្ឌិត សៀង ចាន់ ហេង អគ្គនាយិកាក្រុមហ៊ុន «ហេង អភិវឌ្ឍន៍» បានលះបង់នូវថវិកាជាច្រើន ដើម្បីជួសជុលប្រាសាទកណ្ដាលស្រះស្រង់នៅខេត្តសៀមរាប រហាត់ទឹក ស្ពាន តាកែវ នៅខេត្តសៀមរាប, ក្លោងទ្វារ តាកាវ នៃ បរិវេណអង្គរធំ ខេត្តសៀមរាប។
ក្រៅពីនេះ បានជួសជុល និងកែលម្អសាលារដ្ឋបាលសង្ឃ ក្រុង សៀមរាប ខេត្តសៀមរាប ព្រមទាំងសកម្មភាពផ្សេងៗ ទៀត ដូចជា កម្មវិធីព្រះសង្ឃ និងបរិស្ថាន នៅមុខអង្គរវត្ត ការដាំដើមឈើ ក្នុងតំបន់អង្គរ និងក្រៅអង្គរជាដើម។
សូមជម្រាបថា អគ្គមហាឧបាសិកា កិត្តិបណ្ឌិត សៀង ចាន់ហេង បានធ្វើសកម្មភាពមនុស្សធម៌ ជួយដល់សង្គម ជាច្រើន រួមទាំងជួយដល់វិស័យព្រះពុទ្ធសាសនាផងដែរ។
ចំណែកព្រះតេជគុណ តាត មហាទី ចៅអធិការវត្តព្រះឥន្ទកោសា ព្រះអង្គតែងតែជួយដល់វិស័យពុទ្ធសាសនា ឱ្យមាន ការរីកចម្រើន និងបានធ្វើសកម្មភាពមនុស្សធម៌ជាច្រើន ដូចជា នាំយកអំណោយចែកដល់ប្រជាពលរដ្ឋ ២៥គ្រួសារ ដែលត្រូវបានបិទខ្ទប់ ដោយសារកូវីដ១៩ នាំយកអង្ករ និងថវិកា ប្រគេនព្រះសង្ឃ ៥០អង្គ និងចែកជូនដល់ប្រជាពលរដ្ឋប៉ះពាល់ពីកូវីដ១៩ ចំនួន ១៥០គ្រួសារ៕