(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ បានលើកឡើងថា ឆ្នាំនេះ គឺជាឆ្នាំដ៏អស្ចារ្យមួយប្រកបដោយមោទនភាព និងសោមនស្សរីករាយខ្ពស់បំផុតសម្រាប់ប្រទេសកម្ពុជា និងប្រទេសចិនជាមិត្ត ក្នុងការបោះជំហានឆ្ពោះទៅមុខកាន់តែរឹងមាំថែមទៀត នៅក្នុងកិច្ចសហប្រតិបត្តិការ សាមគ្គីមិត្តភាពកម្ពុជា-ចិន រឹងមាំដូចគជ់។
នាយឧត្តមសេនីយ៍ មាស សាវ៉ន បានឱ្យដឹងថា តាមរយៈនៃព្រឹត្តិការណ៍ធំៗ ជាប្រវត្តិសាស្ត្ររបស់គណបក្ស កងទ័ព និងប្រជាជន នៃប្រទេសយើងទាំងពីរ កម្ពុជា-ចិន ជាពិសេសនាឱកាសប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ឆ្នាំ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងខួបអនុស្សាវរីយ៍លើកទី ១០០ឆ្នាំ នៃថ្ងៃបង្កើតគណបក្សកុម្មុយនិស្តចិន ព្រមជាមួយនឹងខួប ៦៣ឆ្នាំ នៃការភ្ជាប់ចំណងការទូតកម្ពុជា-ចិន និងខួប៩៤ឆ្នាំ នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០១ ខែសីហា ខាងមុខនេះ។
ក្នុងឱកាសដ៏នក្ខត្តឫក្ស នៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រខាងលើ នាយឧត្តមសេនីយ៍ មាស សាវ៉ន បានអបអរសាទរយ៉ាងដូច្នេះថា៖ ក្នុងនាមខ្ញុំផ្ទាល់ និងតាងនាមឱ្យអគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមគាំទ្រដ៏ស្មោះស្ម័គ្រ និងចូលរួមអបអរសាទរយ៉ាងក្លៀវក្លា ចំពោះមហាមិត្តភាព កម្ពុជា-ចិន រឹងមាំ ស្ថិតស្ថេរជាអមតៈ និងសូមសម្តែងនូវកតញ្ញូ គោរពដឹងគុណចំពោះថ្នាក់ដឹកនាំបក្ស រដ្ឋាភិបាល កងទ័ពនៃប្រទេសទាំងពីរ ដែលបាននាំមកនូវជោគជ័យ ប្រវត្តិសាស្ត្រថ្មីជាបន្តទៀតប្រកបដោយមោទនភាពខ្ពស់បំផុត ដែលប្រទេសជាតិ និងប្រជាជនយើងទាំងពីរ កម្ពុជា-ចិន មានប្រមុខដឹកនាំគណបក្ស រដ្ឋាភិបាលនិងកងទ័ព ដ៏រឹងមាំមហិមាប្រកបដោយគតិបណ្ឌិត ធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីបម្រើផលប្រយោជន៍រួម របស់ប្រទេសជាតិនិងប្រជាជនកម្ពុជា-ចិន ក៏ដូចជាផលប្រយោជន៍រួមក្នុងតំបន់ និងលើសកលលោក»។
នាយឧត្តមសេនីយ៍ សូមគាំទ្រយ៉ាងពេញទំហឹង និងសូមសម្តែងនូវមនោសញ្ចេតនារំភើបរីករាយ យ៉ាងកក់ក្តៅបំផុតចំពោះ សុន្ទរកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានថ្លែងក្នុងកិច្ចប្រជុំកំពូល រវាងថ្នាក់ដឹកនាំគណបក្សកុម្មុយនិស្តចិន និងគណបក្សនយោបាយពិភពលោកកន្លងមកនេះ និងសូមគាំទ្រប្រសាសន៍សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយទីភ្នាក់ងារសារ ព័ត៌មានចិនស៊ីនហួរ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តខាងលើ អំពីជោគជ័យរបស់គណបក្សកុម្មុនិស្តចិន ដែលបានឆ្លងកាត់រយៈកាល១០០ឆ្នាំកន្លងមក បានតស៊ូជំនះរាល់ភាពលំបាក ក្រោកឈរដើម្បីភាពជោគជ័យ រហូតក្លាយជាប្រទេសមហាអំណាចលើពិភពលោកដូចបច្ចុប្បន្ន។ ការកសាងប្រទេសចិនសារជាថ្មី បានក្លាយជាគំរូល្អសម្រាប់គណបក្សកាន់អំណាច លើពិភពលោក និយាយជារួម និងនិយាយដោយឡែក ចំពោះកម្ពុជាផងដែរ។
បន្ថែមពីនេះ នាយឧត្តមសេនីយ៍ មាស សាវ៉ន បានគូសបញ្ជាក់ថា ពិតជាមានមោទនភាព និងភាពកក់ក្តៅយ៉ាងក្រៃលែង ចំពោះការប្រកាសជាឧឡារិក របស់ប្រមុខដឹកនាំគណបក្សកុម្មុយនិស្តចិន ដែលបានលើកឡើងថា «បក្សកុម្មុយនិស្តចិន ស្ម័គ្រចិត្តឈរជាមួយគណបក្សកាន់អំណាចគ្រប់ប្រទេសដោយមិនរុញរា ដើម្បីក្លាយខ្លួនជាអ្នកកសាងសន្តិភាព លើពិភពលោក ចូលរួមចំណែកដើម្បីអភិវឌ្ឍលើពិភពលោក និងធ្វើជាអ្នកការពារសណ្តាប់ធ្នាប់លើពិភពលោក»៕