(សៀមរាប)៖ ម្ចាស់មន្ទីរសម្ភពយីហោ «ស៊ឹងរិទ្ធីរ៉េត» លោក ស៊ឹង រិទ្ធីរ៉េត បានបដិសេធការចុះផ្សាយនានា ដែលចោទប្រកាន់រូបលោកពីបទរំលោភលើទំនុកចិត្ដ ពីសំណាក់ឈ្មោះ សំ សុខហេន ជាមន្ត្រីនគរបាលស័ក្តិ៤កន្លះ នៅខេត្ដសៀមរាប។ លោក ស៉ឹង រិទ្ធីរ៉េត បានច្រានចោលដែរថា លោក សំ សុខហេន មិនមានភាគហ៊ុនក្នុងការបង្កើតមន្ទីរសម្ភពយីហោ «ស៉ឹងរិទ្ធីរ៉េត» នោះឡើយ។

លោក ស៊ឹង រិទ្ធីរ៉េត ម្ចាស់មន្ទីរសម្ភពយីហោ «ស៊ឹងរិទ្ធីរ៉េត» ស្ថិតនៅក្រុងសៀមរាប និងជាអនុប្រធានមន្ទីរសុខាភិបាលខេត្ដសៀមរាបផងនោះ បានឱ្យដឹងនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ថា អ្វីដែលលោក សំ សុខហេន បានលើកតាមបណ្តាញផ្សព្វផ្សាយនោះ ជារឿងមិនពិត ហើយប្រកបដោយកលល្បិចពិសពុលទាំងស្រុង និងជារឿងអយុត្ដិធម៌បំផុតសម្រាប់លោក។

លោក ស៉ឹង រិទ្ធីរ៉េត បានអះអាងថា លោក សំ សុខហេន គ្មានដើមទន់សូម្បីមួយរៀល ចូលរួមបង្កើតមន្ទីរសម្ភពខាងលើនោះឡើយ។ លោកបន្តថា លោកបានទិញដីធ្វើគ្លីនិកនេះតម្លៃជាង ៥០ម៉ឺនដុល្លារ ដោយលោកបានខ្ចីលុយពីធនាគារ ដោយបង់ធនាគារជារៀងរាល់ខែ ហើយគ្មានឈ្មោះលោក សំ សុខហេន នេះបង់នោះឡើយ។

«លោក សំ សុខហេន ប្ដឹងខ្ញុំពីបទរំលោភលើទំនុកចិត្ដ ព្រមបានទាំងចុះផ្សាយអាក្រក់ពីខ្ញុំ តាមបណ្ដាញសារព័ត៌មាននេះ ដោយសារតុលាការបានតម្កល់សំណុំរឿងទុក និងមិនចាត់ការ។ ខ្ញុំបានប្ដឹងឈ្មោះ សុខ ហេន ទៅតុលាការខេត្ដសៀមរាប រឹបអូសផ្ទះជួលនៅបុរីប្រិមប្រិយមកវិញ ក្រោយពីអត់បានបង់ឈ្នួលថ្លៃផ្ទះជាងមួយឆ្នាំ ព្រមទាំងប្ដឹងទារលុយដែលជំពាក់ខ្ញុំជាង ៥ម៉ឺនដុល្លាជាង៥ឆ្នាំផងដែរ»។ នេះជាការបញ្ជាក់របស់លោក ស៉ឹង រិទ្ធីរ៉េត។

លោក ស៉ឹង រិទ្ធីរ៉េត បានបន្ដថា លោក សំ សុខហេន មិនត្រឹមតែមិបបង់ថ្លៃផ្ទះជួល និងសងលុយជំពាក់នោះទេ ថែមទាំងនៅជំពាក់លុយខ្ចីលោករាប់ម៉ឺនដុល្លារ មិនព្រមសងថែមទៀត។ ជាងនោះទៅទៀត លោក សំ សុខហេន បានជំពាក់លុយថ្លៃឈ្នួលរថយន្ដពេទ្យដឹកសាកសពជនបរទេស ទៅភ្នំពេញចំនួន ៣ពាន់ដុល្លារ, ថ្លៃម៉ាស៊ីនភ្លើង ១គ្រឿង ៣៥០០ដុល្លារ, លុយ ៩ពាន់ដុល្លារ ទៅរត់ការដីអត់បានលទ្ធផល។

លោក ស៉ឹង រីទ្ធីរ៉េត បានគូសបញ្ជាក់ថា «បើសិនលោក សំ សុខហេន នៅតែបង្ខូចកេរិ៍ឈ្មោះខ្ញុំ តាមបណ្ដាញសង្គមហ្វេប៊ុក និងតាមបណ្ដាញសារព័ត៌មាន ដែលធ្វើឱ្យប៉ះពាល់កិត្ដិយសខ្ញុំបន្ដទៀតនោះ ខ្ញុំនឹងប្ដឹងឈ្មោះ សំ សុខហេន សាជាថ្មីទៀត ព្រោះថា ខ្ញុំធ្លាប់ប្ដឹងទៅតុលាការពីបទបរិហារកេរ្តិ៍»

លោក រិទ្ធីរ៉េត បានឱ្យដឹងដែរថា រាល់ពេលលោក សំ សុខហេន ជំពាក់លុយ និងជួលផ្ទះសុទ្ធសឹងមានលិខិត និងស្នាមមេដៃ និងសាក្សីត្រឹមត្រូវ។ លោកបានបញ្ជាក់ថា ការចុះតាមបណ្ដាញសារព័ត៌មានថាលោក សំ សុខហេន មានភាគហ៊ុន ជាង ២៣ម៉ឺនដុល្លារ ជាមួយលោកក្នុងការទិញដីគ្លីនិក «ស៊ឹងរិទ្ធីរ៉េត» នោះ ជារឿងមិនពិតទេ។

សូមជម្រាបថា កាលពីពេលថ្មីៗនេះ បណ្ដាញសារព័ត៌មានបានចុះផ្សាយថា ម្ចាស់គ្លីនិកយីហោ «ស៊ឹងរិទ្ធីរ៉េត» លោក ស៊ឹង រិទ្ធីរ៉េត ត្រូវបានមន្ត្រីនគរបាលស័ក្ដិ៤កន្លះម្នាក់ ប្ដឹងពីបទរំលោកលើសេចក្ដីទំនុកចិត្ដ ក្នុងទឹកប្រាក់ ២៣ម៉ឺន ៥ពាន់ដុល្លារ ដែលជាភាគហ៊ុនក្នុងការទិញដីធ្វើគ្លីនិកព្យាបាលជំងឺ នៅក្រុងសៀមរាប។

លោកវរសេនីយ៍ទោ សំ សុខហេន ជានាយរងការិយាល័យបច្ចេកទេសវិទ្យាសាស្ដ្រនៃស្នងការនគរបាលខេត្ដសៀមរាប បានប្រឹងលោក ស៉ឹង រិទ្ធីរ៉េត ពីបទរំលោភលើទំនុកចិត្ដ ទៅតុលាការខេត្ដសៀមរាបកាលពីខែតុលា ឆ្នាំ២០២០ ទាមទារ ភាគហ៊ុន ២៥ភាគរយពីមន្ទីរសម្ភពយីហោ «ស៊ឹងរិទ្ធីរ៉េត» ប៉ុន្ដែត្រូវបានតុលាការតម្កល់រឿងមិនចាត់ការ ព្រោះគ្មានភស្ដុតាង និងឯកសារផ្លូវច្បាប់ត្រឹមត្រូវ និងច្បាស់លាស់។

ក្រោយពីតុលាការមិនចាត់ការ មន្ដ្រីនគរបាលរូបនោះ ធ្វើបទសម្ភាសន៍ដល់អ្នកសារព័ត៌មានឱ្យចុះផ្សាយគំរាមកំហែងបរិហារកេរ្ត៍លោក ស៉ឹង រិទ្ធីរ៉េត ពីបទរំលោភលើទំនុកចិត្ត។

លោក ស៊ឹង រិទ្ធីរ៉េត ស្នើរឱ្យបណ្ដាញសារព័ត៌មានពិចារណាមុនការចុះផ្សាយលើករណីលោក ដោយត្រូវមានភស្តុតាងឯកសារបញ្ជាក់ត្រឹមត្រូវ ព្រោះការចុះផ្សាយនោះនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់លោក៕