(ព្រុចសែល)៖ ជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងករណីបំផ្ទុះគ្រាប់បែកនៅអាកាសយានដ្ឋានកណ្ដាលទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក ត្រូវបានចាប់ខ្លួន បន្ទាប់ពីក្រុមកម្លាំងជំនាញចេញប្រតិបត្តិការឆែកឆេ និងស៊ើបអង្កេតនៅជុំវិញទីក្រុងព្រុចសែល នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅមុននេះបន្ដិច នាថ្ងៃទី២៣ ខែមីនា។
ប៉ូលិសបានបញ្ជាក់ថា ជនសង្ស័យម្នាក់ក្នុងចំណោម ៣នាក់ ដែលត្រូវបានថតដោយកាមេរ៉ា CCTV ក្នុងអាកាសយានដ្ឋាន មានឈ្មោះថា Najim Laachraoui ត្រូវបានចាប់ខ្លួន និងកំពុងតែធ្វើការស៊ើបសួរ ខណៈដែលជនសង្ស័យពីរនាក់ទៀត ត្រូវបានគេដឹងថា ជាបងប្អូននឹងគ្នា មានឈ្មោះថា Khalid និង Brahim el-Bakraoui។
គួរបញ្ជាក់ផងដែរថា នៅរសៀលថ្ងៃទី២២ ខែមីនាម្សិលមិញនេះ មានករណីបំផ្ទុះគ្រាប់បែកនៅក្នុងអាកាសយានដ្ឋាន និងនៅចំណតរថភ្លើងក្រោមដី ក្នុងទីក្រុងព្រុចសែល ដែលបណ្ដាលឲ្យមនុស្ស ៣៤នាក់ស្លាប់ និង២៥០នាក់រងរបួស ហើយករណីនេះ ត្រូវបានក្រុម ISIS អះអាងថា ជាទង្វើរបស់ខ្លួន៕