(ភ្នំពេញ)៖ ក្រមហ៊ុន ហង្ស សុជាតា ផលសប បានចេញសេចក្ដីជូនដំណឹងបញ្ជាក់ថា មានជនខិលខូចមួយចំនួនបានតាំងខ្លួនជាអ្នកតំណាងក្រុមហ៊ុន ទៅធ្វើការផ្សព្វផ្សាយក្នុងគោលដៅ និងគោលបំណងដើម្បីកេងចំណេញផលប្រយោជន៍ផ្ទាល់ខ្លួន និងបំផ្លាញកិត្តិយសក្រុមហ៊ុន ដែលសកម្មភាពទាំងនេះធ្វើឲ្យប៉ះពាល់ដល់ប្រយោជន៍ និងកិត្តិយសក្រុមហ៊ុន។
ក្នុងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ខ្លួននឹងចាត់វិធានការតាមផ្លូវច្បាប់ ដោយមិនអន់ឱនចំពោះជនទាំងឡាយណាដែលបន្ដ ឬកំពុងធ្វើសកម្មភាពខាងលើ ហើយក្រុមហ៊ុនសូមប្រកាសបដិសេធចោលទាំងស្រុង ចំពោះអ្នកដែលប្រកាសថា ជាតំណាងស្របច្បាប់របស់ខ្លួន និងមិនទទួលខុសត្រូវចំពោះការខាតបង់ផ្សេងៗ ដែលបង្កឡើងដោយជនទុច្ចរិត និងអ្នកពាក់ព័ន្ធទាំងអស់នោះឡើយ៕