(ភ្នំពេញ)៖ ក្រុមការងារជំនាញរបស់ក្រសួងបរិស្ថានបានបន្តរកឃើញវត្តមានប្រភេទ «ជ្រូកពោន» ឬ «ជ្រូកព្រុល» នៅក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា តាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិ ខណៈសត្វជ្រូកប្រភេទនេះក៏ជាប្រភេទសត្វមានដោយកម្រផងដែរនៅលើពិភពលោក។ នេះបើតាមលោកលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន ដែលបានបញ្ជាក់ជាសាធារណៈនាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ។
លោករដ្ឋលេខាធិការបានឱ្យដឹងថា ក្រុមការងារជំនាញរបស់ក្រសួងបរិស្ថានបានរកឃើញវត្តមាននៃប្រភេទជ្រូកពោន ឬជ្រូកព្រុល នៅក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា តាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិ ដែលជាមោទកភាពមួយទៀតរបស់កម្ពុជា និងស័ក្តិសមដែលពិភពលោកទទួលស្គាល់ថាជាប្រទេសដែលសម្បូរដោយធនធានជីវចម្រុះ។
* តើសត្វជ្រូកពោន ឬជ្រូកព្រុលនោះ មានលក្ខណៈយ៉ាងដូចម្ដេចខ្លះ?
យោងតាមការសិក្សារបស់អ្នកជំនាញ ជ្រូកពោន ឬជ្រូកព្រុលនេះមានប្រវែងចាប់ពី ៦៥០-១០៤០ មីលីម៉ែត្រ គិតទាំងក្បាលនិងដងខ្លួន។ ពួកវាមានទម្ងន់ចាប់ពី ៧-១៤ គីឡូក្រាម កន្ទុយមានប្រវែងចន្លោះពី ១២០-១៧០ មីលីម៉ែត្រ ជើងក្រោយ ១១៥-១៣៤ មីលីម៉ែត្រ។ វាជាសត្វដែលមានមាឌធំ ជើងធំៗ និងមានក្រចកមាំកោងវែងពណ៌ស ច្រមុះរាងទ្រវែងដូចសត្វជ្រូក។ ជាទូទៅ វាមានសម្បុរលឿងខ្ចី ប្រផេះ ឬខ្មៅ ដែលប្រែប្រួលទៅតាមរដូវកាល ផ្នែកលើខ្នងមានពណ៌ក្រមៅជាងផ្នែកខាងក្រោម។ នៅលើក្បាលមានឆ្នូតពណ៌ចេញពីត្រចៀកកាត់តាមភ្នែករហូតដល់ចុងច្រមុះ និងមានឆ្នូតខ្មៅនៅសងខាងភ្នែកដល់ត្រចៀក បន្ទាប់មកមានឆ្នូតសកាត់តាមថ្ពាល់ផ្នែកខាងលើ។ ទ្រូង និងត្រចៀកមានពណ៌ស។
ប្រសិនបើនិយាយអំពីលក្ខណៈជីវសាស្ត្រវិញ ជ្រូកពោនជាសត្វរស់នៅតែនៅលើដី តាមរូង ឬក្រហែងថ្ម និងរកស៊ីនៅពេលយប់។ សត្វជ្រូកពោនមិនសូវពូកែភ្នែក និងត្រចៀកទេ វាប្រើច្រមុះហិតក្លិនច្រើនជាង។ វាចាប់ផ្តើមចេះរកចំណី នៅពេលព្រលប់ដែលអាហាររបស់វា មានដូចជាមើមរុក្ខជាតិ ឬសឈើ ជន្លេន សត្វល្អិត និងសត្វតូចៗ។ វាអាចមានកូនចាប់ពី ២-៣ ក្បាល។
រដ្ឋលេខាធិការក្រសួងបរិស្ថានបានបន្តថា មិនមានការសិក្សាឱ្យបានលម្អិតពីចំនួនសត្វជ្រូកពោននៅលើពិភពលោក និងនៅកម្ពុជានោះទេ ប៉ុន្តែអ្វីដែលកត់សម្គាល់ជ្រូកពោនមាននៅតាមតំបន់ព្រៃធម្មជាតិរបស់ប្រទេសកម្ពុជា ពិសេសនៅភាគនិរតី ភាគឦសាន និងភាគខាងជើងប្រទេសកម្ពុជា។ របាយប្រជាសាស្ត្ររបស់សត្វជ្រូកពោន ក៏មានផងដែរនៅប្រទេសចិន មីយ៉ាន់ម៉ា វៀតណាម និងកោះស៊ូមាត្រានៃប្រទេសឥណ្ឌូណេស៊ី។
លោក នេត្រ ភក្ត្រា បានបង្ហាញការព្រួយបារម្ភថា «ជ្រូកពោន បច្ចុប្បន្នកំពុងរងគ្រោះដោយសារតែការបរបាញ់ ការដាក់អន្ទាក់ ដើម្បីយកសាច់ និងយកសំណាកធ្វើអាជីវកម្ម ដោយសារតែប្រជាពលរដ្ឋមួយចំនួនមានជឿថា ខ្លាញ់ជ្រូកពោនអាចយកទៅធ្វើថ្នាំបុរាណជាដើម»។
លោកបានរំឭកដែរថា កាលពីដើមខែមិថុនា ឆ្នាំ២០២១ ក្រុមមន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន និងបុគ្គលិកអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (WA) បានជួយសង្គ្រោះសត្វជ្រូកពោន ឬជ្រូកព្រុលមួយក្បាល។ វាត្រូវបានជាប់នៅក្នុងអន្ទាក់ ប៉ុន្តែសំណាងល្អ ដែលមន្ត្រីឧទ្យានុរក្សឃើញទាន់ពេល ហើយក៏បានដោះអន្ទាក់ចេញ ដើម្បីឱ្យវាមានសេរីភាពវិញ។ សត្វជ្រូកព្រុលមួយក្បាលនេះមិនមានរងរបួសអ្វីទេ ដូចនេះវាក៏ត្រូវបានដោះលែងឱ្យត្រលប់ចូលទៅក្នុងព្រៃវិញ។ កាលពីខែមុន មន្ត្រីឧទ្យានុរក្សបានដកហូតសាច់ជ្រូកព្រុលមួយចំនួនពីជំរុំបរបាញ់មួយកន្លែងក្នុងតំបន់ជួរភ្នំក្រវាញ។ សត្វប្រភេទនេះងាយនឹងរងគ្រោះខ្លាំងណាស់ ហើយវាក៏បានទទួលរងការគំរាមកំហែងដោយការបរបាញ់ផងដែរ ជាពិសេសគឺអន្ទាក់ដែលអាចចាប់គ្រប់ប្រភេទទាំងអស់។
លោករដ្ឋលេខាធិការ នេត្រ ភក្ត្រា បានថ្លែងថា ក្រសួងបរិស្ថានបានសហការយ៉ាងស្អិតល្មួតជាមួយអង្គការដៃគូដែលមានជំនាញខាងអភិរក្ស ដើម្បីអភិរក្សព្រៃឈើ និងសត្វព្រៃ ទាំងការពង្រឹងការអនុវត្តច្បាប់ និងការអនុវត្តគម្រោងអភិរក្សនានា។ ជាមួយគ្នានេះ មន្ត្រីឧទ្យានុរក្សបានបន្តសកម្មភាពដោះអន្ទាក់គ្រប់ប្រភេទចេញពីក្នុងតំបន់ការពារធម្មជាតិ ដើម្បីសង្គ្រោះសត្វព្រៃគ្រប់ប្រភេទ។ ក្នុងរយៈពេល៦ខែ នៃឆ្នាំ២០២១នេះ មន្ត្រីឧទ្យានុរក្សបានដោះអន្ទាក់បានចំនួនជិត ២ ម៉ឺនអន្ទាក់ពីក្នុងតំបន់ការពារធម្មជាតិ។ មន្ត្រីឧទ្យានុរក្ស និងដៃគូនឹងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនបន្តទៀតក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ដែលជាទីជម្រកដ៏សំខាន់របស់សត្វព្រៃ និងការដោះអន្ទាក់ដើម្បីសុវត្ថិភាពសត្វព្រៃ។
ជាមួយគ្នានេះ លោកបានអំពាវនាវដល់ប្រជាជនកម្ពុជាទាំងអស់សូមចូលរួមទាំងអស់គ្នា ដើម្បីបញ្ឈប់ការបរិភោគសាច់សត្វព្រៃ ការប្រើប្រាស់ផលិតផលពីសត្វព្រៃ ការជួញដូរសត្វព្រៃ ដែលសុទ្ធសឹងអាចបង្កហានិភ័យខ្ពស់ដល់សុខភាពមនុស្ស ហើយមកចូលរួមការពារ និងថែរក្សាធនធានធម្មជាតិរបស់កម្ពុជាឲ្យនៅស្ថិតស្ថិរសម្រាប់អនាគតរបស់កម្ពុជា។
គួរជម្រាបថា កម្ពុជាបានបន្តរកឃើញវត្តមាននៃប្រភេទសត្វកម្រៗជាច្រើន ដែលស្ថិតក្នុងក្រុមមានដោយកម្រនៃក្នុងបញ្ជីក្រហម IUCN ដូចជា សត្វដំរី ខ្ទីង ទន្សោង ឈ្លូសយក្ស ខ្លារខិន ខ្លាពពកជាដើម។ ពិភពលោកបានទទួលស្គាល់ថា កម្ពុជាជាប្រទេសដែលសម្បូរដោយជីវចម្រុះ សរុបប្រមាណ ៣៩៩៣ ប្រភេទ ដែលរួមានមានរុក្ខជាតិប្រមាណ ២,៣០០ ប្រភេទ និងប្រភេទសត្វថនិកសត្វ ១២៣ ប្រភេទ សត្វស្លាបប្រមាណ ៥៤៥ ប្រភេទ ឧរង្គសត្វ ៨៨ ប្រភេទ ត្រី ៨៧៤ ប្រភេទ និងថលជលិក ៦៣ ប្រភេទ។ ចំនួននេះអាចកើនឡើងបន្ថែមទៀត ដោយសារតែនៅមានជីវចម្រុះជាច្រើនទៀត ដែលមិនទាន់បានសិក្សាអស់នៅឡើយ។
បើតាមការអះអាងរបស់លោក នេត្រ ភក្ត្រា ដោយសារតែកម្ពុជាមានសុខសន្តិភាពពេញលេញ កម្ពុជាមានឱកាសគ្រប់គ្រាន់ដើម្បីគិតគូរ និងរៀបចំផែនការសកម្មភាពផ្សេងៗបន្ថែមទៀត ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិដែលកម្ពុជាមាន ហើយបច្ចុប្បន្ននេះស្ថានភាពនៃការការពារ និងអភិរក្សធនធានធម្មជាតិមានភាពល្អប្រសើរ ព្រៃឈើ និងសត្វព្រៃត្រូវបានការពារ។ សត្វព្រៃកម្រៗមួយចំនួនបន្តមានវត្តមាន និងខ្លះទៀតមានស្ថិរភាព និងខ្លះមានការកើនឡើង និងខ្លះទៀតនៅតែបន្តថយចុះនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា៕