(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំកំពូលឡានឆាង-មេគង្គ នៅក្រុងសានយ៉ា ខេត្តហៃណាន ប្រទេសចិន នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦នេះ មេដឹកនាំនិងតំណាងប្រទេសតាមដងទន្លេមេគង្គទាំង៦ បានប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញកិច្ចអភិវឌ្ឍន៍ដែលមានឥទ្ធិពលលើកកម្ពស់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមដងទន្លេមេគង្គទាំងអស់។
ប្រទេសទាំង៦ រួមមានកម្ពុជា ចិន ឡាវ ថៃ មីយ៉ានម៉ា និង វៀតណាម បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការពង្រឹងសន្តិភាព ស្ថិរភាព មិត្តភាព ធានានូវកំណើនសេដ្ឋកិច្ច ដើម្បីសុខដុមនីយកម្មនៃប្រជាជាតិទាំងអស់។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមទាំងមេដឹកនាំប្រទេសតាមដងទន្លេមេគង្គផ្សេងទៀត បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូល ឡានឆាង-មេគង្គ ជាមួយនាយករដ្ឋមន្រ្តីចិន លោក Li Keqiang។
ប្រទេសទាំង៦ ក៏បានប្តេជ្ញាជួយប្រទេសជាដៃគូ ដែលមានសន្ទុះអភិវឌ្ឍយឺតយ៉ាវ អោយដំណើរការលឿនទៅមុខព្រមគ្នា ដោយក្នុងនោះប្រទេសចិន បានសម្រេចតម្កល់មូលនិធិមួយចំនួនធំ ដើម្បីជួយជំរុញដល់គម្រោង និងកម្មវិធីអភិវឌ្ឍន៍ នៅក្នុងប្រទេសទាំង៥ ដែលនឹងជួយជំរុញដល់សេដ្ឋកិច្ច និងការអភិវឌ្ឍន៍ធនធានមនុស្សដែលជាកត្តាចាំបាច់បំផុត។ ក្នុងនោះប្រទេសទាំង ៦ ក៏បានបញ្ជាក់ផងដែរ អំពីសក្តានុពលទេសចរណ៍ដែលមានចំនួនប្រមាណ ១៥ លាននាក់ក្នុងមួយឆ្នាំៗ ដែលមកទស្សនា ក្នុងប្រទេសនៅតាមដងទន្លេមេគង្គ ដែលជាប្រភពចំណូលមួយដ៏សំខាន់បំផុត រួមទាំងទំហំពាណិជ្ជកម្មប្រមាណ ១៩៣,៣ ប៊ីលានដុល្លារ ដែលនឹងជួយបង្កើនដល់សេដ្ឋកិច្ចនៃបណ្តាប្រទេសទាំង ៦ ទៀតផង។
តាមរយៈកិច្ចប្រជុំកំពូលនេះ គឺប្រមុខដឹកនាំទាំងអស់ខិតខំប្រើប្រាស់គ្រប់សក្តានុពលភាព ដើម្បីបង្រួញគម្លាតអភិវឌ្ឍន៍អោយកាន់តែឆាប់ដោយផ្តោតលើផ្លូវគមនាគមន៍ អគ្គីសនី ទូរគមនាគមន៍ និងផលិតផលកសិកម្មជាដើម។ ចំណុចសំខាន់ៗជាគោលការណ៍មួយចំនួន ដែលប្រមុខដឹកនាំទាំងអស់បានយកចិត្តទុកដាក់គាំទ្រ គឺ ១-កិច្ចការពារថែរក្សាសន្តិភាពដែលជាមូលដ្ឋាននៃការអភិវឌ្ឍន៍ ២-ផ្តល់អាទិភាពដល់ការអភិវឌ្ឍន៍ ដោយបើកចំហរឱ្យមានការចូលរួមទូលំទូលាយ ៣-ផ្តោតទៅលើគម្រោងអភិវឌ្ឍន៍ជាក់ស្តែង ដែលសំដៅលើផលប្រយោជន៍ប្រជាជន និង ៤- លើកកម្ពស់ភាពបើកចំហរ និងស្វាគមន៍ការចូលរួមពីបណ្តាប្រទេសក្នុងតំបន់។
នៅក្នុងកិច្ចប្រជុំនេះដែរ សម្តេចតេជោ ហ៊ុន សែន បានអរគុណប្រទេសចិនជាមិត្ត ដែលបានយកចិត្តទុក ដាក់គាំទ្ររហូតដល់មានការរៀបចំកិច្ចប្រជុំកំពូលនេះឡើង ព្រមទាំងបានសន្យាផ្តល់មូលនិធិអភិវឌ្ឍន៍ រាប់រយលានដុល្លារទៀតផង។ សម្តេចតេជោ ក៏បានអរគុណមិត្តចិន ដែលបានបើកទំនប់ទឹកនៅផ្នែកខាងលើនៃទន្លេមេគង្គ ដល់បណ្តាប្រទេសនៅផ្នែកទន្លេមេគង្គក្រោម ដូចជា កម្ពុជា និងវៀតណាម បាន ប្រើប្រាស់។ តែការបើកបង្ហូរពីរដងកន្លងមកនោះ គឺ កម្ពុជា និងវៀតណាម ពុំបានទទួលទឹកប្រើប្រាស់ នៅឡើយទេ ហើយដែលបញ្ហាកង្វះទឹកនេះ គឺកំពុងកើតមានឡើងនៅក្នុងប្រទេសយើង និងវៀតណាម ផង ដែរ។ សម្តេចតេជោ បានអំពាវនាវដល់ប្រទេសនៅផ្នែកខាងលើ ដូចជា ថៃ មីយ៉ានម៉ា និង ប្រទេសឡាវ កុំបិទបង្ខាំងទឹក។
សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំព្រឹកនេះ ប្រមុខដឹកនាំនៃប្រទេសទាំង៦ បានចុះហត្ថលេខាលើឯកសារសំខាន់ៗមួយ ចំនួនដូចជា៖
១- សេចក្តីថ្លែងការណ៍ទីក្រុងសានយ៉ានៃកិច្ចប្រជុំកំពូល មេគង្គ ឡានឆាង លើកទី១ (Sanya Declaration of the 1st LMC Leader’s Meeting)
២- សេចក្តីប្រកាសរួម ស្តីពីកិច្ចសហប្រតិបត្តិការសមត្ថភាពផលិតកម្ម (Joint Statement on Production Capacity Cooperation Among LMC Countries)
៣- គម្រោងឆាប់ទទួលបានផលភ្លាមៗនៃកិច្ចសហប្រតិបត្តិការ មេគង្គ ឡានឆាង (Joint List of LMC Early Harvest Projects) ផងដែរ៕